ប្រជាជនស៊ូដង់ ២៣ លាននាក់រស់នៅក្នុងភាពក្រីក្រ ក្រោយសង្គ្រាមប្រល័យពូជសាសន៍

ខាទុំ ៖ ប្រជាជនក្នុងប្រទេសស៊ូដង់ ចាប់ពី ២១ភាគរយទៅដល់ ៧១ភាគរយបានរស់ក្រោមខ្សែបន្ទាត់នៃភាពក្រីក្រយ៉ាងលំបាកវេទនា ដោយសារតែសង្គ្រាមប្រល័យពូជសាសន៍ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ស៊ូដង់។

បើតាមសេចក្តីរាយការណ៍របស់ RT, រដ្ឋមន្ត្រីធនធានមនុស្ស និងសុខុមាលភាពសង្គមស៊ូដង់ លោក Mutasim Ahmed Saleh និយាយថា អត្រានៃភាពក្រីក្រនៅស៊ូដង់បានហក់ឡើងជាងបីដង ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ ខណៈពលរដ្ឋប្រហែល ២៣លាននាក់ ឥឡូវនេះកំពុងរស់ក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ។

ផ្អែកតាមការលើកឡើងរបស់លោក Saleh, មូលហេតុនៅពីក្រោយការជំរុញកំណើនភាពក្រីក្រ គឺបង្កឡើងពីជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា (RSF)។ ឆ្លើយតបបញ្ហានេះ លោកថា រដ្ឋាភិបាលមានគម្រោងដោះស្រាយវិបត្តិនេះ ដោយពង្រីកកម្មវិធីបង្កើតការងារ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងកសាងវិស័យផលិតកម្មឡើងវិញ។

លោក Saleh ក៏បានសន្យាដែរថា នឹងដាក់ចេញកំណែទម្រង់ធ្វើឱ្យការផ្តល់ហិរញ្ញប្បទានកាន់តែងាយស្រួលសម្រាប់អ្នកផលិតក្នុងស្រុក បើទោះបីជាជម្លោះស៊ីវិលនេះ បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចក្នុងស្រុក និងបង្ខំឱ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក៏ដោយ។

នៅថ្ងៃទី២៦ ខែតុលា កងកម្លាំងប៉ារ៉ា (RSF) វាយដណ្តើមកាន់កាប់បានទាំងស្រុងលើទីក្រុង Al Fashir ដែលជាទីតាំងយុទ្ធសាស្រ្តនៃតំបន់ North Darfur។ សហភាពគ្រូពេទ្យស៊ូដង់និយាយថា ភ្លាមៗបន្ទាប់ពីចូលកាន់កាប់ទីក្រុងនេះ មនុស្សជាង ២,២០០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ និង ៣៩០,០០០នាក់បង្ខំចិត្តរត់ចោលផ្ទះសម្បែងទៅជ្រកកោនក្នុងជំរុំមានសុវត្ថិភាព។

រីឯអង្គការបណ្តាញគ្រូពេទ្យស៊ូដង់ក៏បានឱ្យដឹងដែរថា ស្ថានភាពនៅក្នុងទីក្រុង Al Fashir កាន់តែអាក្រក់ទៅៗ ដោយកុមារនៅទនោះយ៉ាងហោចណាស់៣នាក់បានស្លាប់ក្នុងមួយថ្ងៃ ដោយសារតែកង្វះអាហារូបត្ថម្ភ ខណៈអង្គការសហប្រជាជាតិបានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។

របាយការណ៍របស់ស្ថាប័នសន្តិសុខស្បៀងអាហារហៅកាត់ IPC បានឱ្យដឹងក្នុងខែវិច្ឆិកានេះថា ប្រជាជនប្រហែល ២១,២លាននាក់ ឬប្រហែល ៤៥ភាគរយនៃចំនួនប្រជាជនស៊ូដង់សរុបទូទាំងប្រទេស កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារដ៏ស្រួចស្រាវក្នុងខែកញ្ញា ពិសេសប្រជាជនរស់នៅក្នុងទីក្រុង Al Fashir និង Kadugli៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner