ឯកឧត្តម ហ៊ុន ម៉ានី ស្នើអាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា”អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុដែលបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរបួស។

លើបណ្ដាញសង្គមនារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា”ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស”។

ឯកឧត្តមបន្តថា តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ។
ទោះយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនអាចយល់បានឡើយថា ទោះស្ថិតក្នុងហេតុផលណាក៏ដោយ ដែលទាហានថៃអាចប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
សំណេរបានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងរាជរដ្ឋាភិបាល វីរកងទ័ព និងក្រុមគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះនៅក្នុងការប៉ះទង្គិចនេះ ៕
ដោយ៖មុនី
