រដ្ឋសភាកម្ពុជា ចាត់ទុកការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ខ្មែរ ជាអំពើឃោរឃៅយង់ឃ្នង
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថ្កោលទោសដាច់អហង្កាចំពោះការបាញ់ប្រហាររបស់ ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៥:៥០នាទីថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រជាជន ខ្មែរមួយរូបបាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។
ក្នុងញ្ញតិថ្កោលទោសនារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជាបានហៅការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើ អធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅនេះអំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយក រដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាន។ សកម្មភាពបាញ់ប្រហាររបស់ភាគីថៃ ក៏ជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ញត្តិបន្តថា រដ្ឋសភាកម្ពុជាបានសង្កេតឃើញថា ភាគីថៃបានព្យាយាមរំលោភកិច្ចព្រមព្រៀងឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី ដែលខ្លួនបានធ្វើឡើងជាមួយកម្ពុជាម្តងហើយម្តងទៀត ទោះបីជាមានសហគមន៍អន្តរ ជាតិជាសាក្សីយ៉ាងណាក្តី។ ភាគីថៃមិនមានឆន្ទៈពិតប្រាកដ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ ដែលបាន ព្រមព្រៀងឡើយ ដូចជាករណីការបដិសេដបញ្ជូនវីរកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលខ្លួនបានចាប់ទាំងខុសច្បាប់ មកកម្ពុជាវិញក្នុងថ្ងៃទី១២ ខែវិច្ឆិកា នេះជាដើម។ ទន្ទឹមគ្នានេះ ភាគីថៃតែងតែរកលេសឈ្លានពានកម្ពុជា។
រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើខុសច្បាប់ របស់ភាគីថៃ ដោយទាមទារឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។
រដ្ឋសភាកម្ពុជាសូមអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និង ស្ថិរភាពតំបន់ និងងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់ អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕
ដោយ៖ ហេង សម្បត្តិ
