រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ សៀវភៅណែនាំសវនកម្ម​ផ្ទៃ​ក្នុង ជាយុទ្ធសាស្ត្រ ធានាតម្លាភាព «សុក្រឹតកម្មបរិស្ថាន​កិច្ច»

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ទាំងអស់ប្រើប្រាស់ “សៀវភៅណែនាំសវនកម្មផ្ទៃក្នុង” ដែលក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ពីព្រោះថា សៀវភៅនេះ មិនត្រឹមតែជាឧបករណ៍​ត្រួត​ពិនិត្យប៉ុណ្ណោះទេ គឺថែមទាំងជាយុទ្ធសាស្ត្រ​សម្រាប់​ធានា តម្លាភាព និងគណនេយ្យភាព នៃការងារ​បរិស្ថានកិច្ច។ នេះជាការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី បាន​ធ្វើ​ឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «សៀវភៅ​ណែនាំ​សវនកម្មផ្ទៃក្នុង» នៅទីស្តីការក្រសួង​បរិស្ថាន នាថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាឯកសារនេះផ្សារ​ភ្ជាប់​ការងារសវនកម្មផ្ទៃក្នុងទៅនឹងការអនុវត្តការងារ “សុក្រឹតកម្មបរិស្ថានកិច្ច” ដែលមានសសរស្ដម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តម បានរំលឹក​ពីការដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ធ្វើឱ្យវិថីចម្បងៗ​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពស្អាត គឺគ្មាន​សំរាមប្លាស្ទិកហើររាយប៉ាយនៅតាមដងផ្លូវ។ ចេញពី​ភាពស្អាត គឺបន្តទៅភាពបៃតង ដោយជំរុញឱ្យមាន​ការធ្វើសុក្រឹតកម្មការងារ ដែលមានរបាយការណ៍​ជាក់លាក់ប្រចាំខែ ដោយរំលេចបន្ថែមនូវការងារ​ដែល​បានធ្វើរួច និងភាពខ្វះចន្លោះ ដើម្បីបន្តតម្រង់ទិសទៅ​សម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាល​ទី១ ជាឧបករណ៍ស្តង់ដារសម្រាប់វាស់កម្រិតគុណភាព​ការងារ។

«មានតែសកម្មភាពការងារដែលយើងបានធ្វើនោះទេ ដែលជាទិន្នន័យសម្រាប់ឱ្យការពិនិត្យ និងវាយតម្លៃ ដោយបង្ហាញនូវលទ្ធផលយ៉ាងសុក្រឹតលើការងារប្រចាំថ្ងៃរបស់យើង ទាំងនេះហើយជាសក្ខីកម្មការងារ ដែលមានតម្លាភាព។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវ​អនុសាស​ន៍​​​ចំនួន ៣បន្ថែម ទៀត ដើម្បីទទួលបានជោគជ័យក្នុង​ការ​អនុវត្តការងាររសម្រាប់មន្រ្តីក្រសួងបរិស្ថាន គឺ៖ ១. រៀ​នសូត្រ ២. អនុវត្តតាម, ៣. ធ្វើឲ្យល្អប្រសើរជាងមុន ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner