ថ្នាំមហារីករបស់រុស្ស៊ីត្រូវបានអនុម័តឱ្យប្រើនៅវៀតណាម
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានអនុម័តថ្នាំមហារីក ផលិតនៅរុស្ស៊ី ផ្តល់ឱ្យអ្នកជំងឺក្នុងស្រុក នូវជម្រើស នៃការព្យាបាលបែបថ្មីមួយទៀត។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃពុធ, ឱសថ Pembroria ស្ថិតក្នុងចំណោមវ៉ាក់សាំង និងផលិតផលជីវសាស្រ្តចំនួន ១៤ ដែលបានទទួលអាជ្ញាប័ណ្ណ សម្រាប់ចរាចរ នៅចុងខែតុលា។
ថ្នាំដែលផលិត ដោយការទទួលខុសត្រូវ មានកម្រិតរបស់រុស្ស៊ី “PK-137” និងបានចុះបញ្ជីដោយគ្រឹះស្ថានមួយ ក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម មានផ្ទុក ថ្នាំព្យាបាលដោយប្រព័ន្ធភាពស៊ាំ Pembrolizumab ១០០មីលីក្រាម ក្នុងចំណុះ ៤មីលីលីត្រ។
ថ្នាំនេះ ត្រូវបានបង្កើតឡើង ជាដំណោះស្រាយប្រមូលផ្តុំ សម្រាប់ការចាក់បញ្ចូលតាមសរសៃឈាម ហើយ មានអាយុកាលនៅខាងក្រៅ ២៤ ខែ គិតចាប់ពីថ្ងៃផលិត។
Pembroria មានការចង្អុលបង្ហាញ យ៉ាងទូលំទូលាយ ប្រើដើម្បីព្យាបាលជំងឺមហារីកជាច្រើនប្រភេទ រួមមាន មហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន មហារីកកោសិកាតំរងនោម និងមហារីកសុដន់។
អាជ្ញាធរសុខាភិបាលបាននិយាយថា ការអនុម័តរបស់ខ្លួន ពង្រីកលទ្ធភាពទទួលបានការព្យាបាល ដោយភាពស៊ាំ កម្រិតខ្ពស់ សម្រាប់អ្នកជំងឺវៀតណាម។
ថ្នាំនេះគឺជាអង់ទីករ Monoclonal ដែលត្រូវបានបង្កើតឡើង ដោយផ្អែកលើឱសថយោងដើម ដោយក្រុមហ៊ុនឱសថអាមេរិក MSD (Merck & Co.) ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណជាសកល តាំងពីឆ្នាំ២០១៧ សម្រាប់ការព្យាបាលជំងឺមហារីក។
សាស្ត្រាចារ្យ Le Van Quang នាយកមន្ទីរពេទ្យ K ដែលជាកន្លែងព្យាបាលមហារីកឈានមុខគេ នៅទីក្រុងហាណូយ បាននិយាយថា មន្ទីរពេទ្យនឹងធ្វើឱ្យថ្នាំ Pembroria អាចប្រើបានក្នុងពេលឆាប់ៗនេះ។ ទោះយ៉ាងណាក៏ដោយ វាមិនទាន់ត្រូវបានគ្របដណ្តប់ ដោយប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់ប្រទេសវៀតណាមនៅឡើយទេ។ ដបនីមួយៗ មានតម្លៃ ប្រហែល ៧០០ដុល្លារ ហើយអ្នកជំងឺ ជាធម្មតា ត្រូវការដបពីរ ក្នុងមួយវដ្ត នៃការព្យាបាល។
បច្ចុប្បន្ន វៀតណាម មានថ្នាំមហារីកចំនួន ៩៩ប្រភេទ កំពុងចរាចរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
