ក្រសួងអធិការកិច្ច សហការជាមួយ ក្រសួងអប់រំ រៀបចំ​វេទិកា​​ផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ហានិភ័យ​ដោយ​ការ​ប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសង្កេតឃើញមានការរីក​រាល​ដាល​ការនាំចូលលក់ចែកចាយ និងការប្រើប្រាស់ ឧបករណ៍ អេឡិចត្រូនិក និង សារធាតុគីមី សម្រាប់ជក់ និង ស៊ីស្សា ឬហៅកាត់ថាបារីអេឡិចត្រូនិក ក្នុងចំណោម កុមារ និងយុវជន ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សង្គម និង សុខភាព សាធារណៈ ។

​កាល​ពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល​កម្ពុជា​បាន ដាក់ចេញបទបញ្ជា ស្ដីពី ការដាក់ចេញវិធានការ​ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វ​ផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និង​ស៊ីស្សា ។

ជាមួយគ្នានេះដើម្បីបញ្ជ្រាបបន្ថែម ពីកផលប៉ះពាល់ការ​ប្រើ​ប្រាស់ផលិតផលទាំងនេះ ក្រសួងអធិការកិច្ច សហការ​ជាមួយ ក្រសួងអបរំយុវជននិងកីឡា នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសុខភាព​ផ្សព្វ​ផ្សាយ ទប់ស្កាត់ហានិភ័យ ការប្រើប្រាស់និងចែកចាយ​បារី​អេឡិចត្រូនិចនិងសារធតុគីមីសម្រាប់ជក់ នៅទី​ស្តី​ការក្រសួងអធិការកិច្ច។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការ​ចលនា​ដើម្បីសុខភាពកម្ពុជា បានធ្វើបទបង្ហាញ ពីផលប៉ះពាល់​នៃបារីអេឡិចត្រូនិកលើសុខភាព និងបង្ហាញរូបរាង​ច្រើន​បែបច្រើនទំហំ ជាទូទៅ ក្នុងបារីអេឡិចត្រូនិកមាន ថ្មអគ្គី​សនី ប្រព័ន្ធកំដៅ និងកន្លែងផ្ទុក សូលុយស្យុង។ បារី​អេឡិច​ត្រូនិកត្រូវបានគេ ហៅថា Vape ផងដែរ ដុត​កំដៅ​សូ​លុយស្យុងបង្កើតជាចំហាយសម្រាប់អ្នកជក់​ស្រូបចូលទៅក្នុងសួត។ មនុស្សនៅ ជុំវិញអ្នកជក់បារី​អេឡិច​ត្រូនិក ក៏អាចស្រូបចំហាយដែលអ្នកជក់បញ្ចេញ​មកវិញដែរ។

លោកជំទាវ វង់ មយូរា មានប្រសាសន៍ថា ក្រសួងអធិការ​កិច្ច គឺជាក្រសួងដំបូងគេ ក្នុងចំណោមក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់ ដែលបានរៀបចំបើកវេទិកាសុខភាព ស្តីពីផ្សព្វ​ផ្សាយ ការបង្ការ ទប់ស្កាត់ហានិភ័យ ការប្រើប្រាស់ ការចែក​ចាយ​បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់​ជក់ និងស៊ីស្សា ដើម្បីដើម្បីបញ្ជ្រាបពីការប៉ះពាល់ការ​ប្រើប្រាស់ផលិតផលទាំងនេះ ក្នុងចំណោមកុមារ និង​យុវជន។

លោកជំទាវ ប្រធានគណ:កម្មាធិការសុខភាពសិក្សា និង ជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួង​អធិការកិច្ច លើកឡើងថា ការកសាងមូលធនមនុស្ស គឺសំដៅទៅលើការពង្រឹងសុខភាព និងចំណេះដឹង ដោយឡែកវេទិកាសុខភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកអនុវត្តគោល​នយោ​បាយជាតិស្តីពី សុខភាពសិក្សា សំដៅលើកកម្ពស់គុណ​ភាព​អប់រំ តាមរយៈការផ្តល់នូវចំណេះដឹងពីសុខភាព ស្រប​តាមការលូតលាស់រាងកាយ និងស្មារតីប្រកបដោយ​លក្ខណៈវិទ្យាសាស្ត្រ បង្ការជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងគ្រោះ​ថ្នាក់​ផ្សេងៗ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner