មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ការផលិតនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានជាកិច្ចការដ៏សំខាន់ក្នុងការចែករំលែកទៅកាន់សាធារណជន

ភ្នំពេញ៖ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក៏ដូចជាមន្ត្រីរាជក្រោមឱវាទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញកិច្ចការងារអប់រំផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងបរិស្ថានដល់សាធារណជន ដោយទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។

ឯកឧត្តម អ៊ាត សីលា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ«ការពង្រឹងអប់រំ ផ្សព្វផ្សាយ ដើម្បីជំរុញសកម្មភាពប្រតិបត្តិមេត្រីបរិស្ថាន» ។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថាការផលិតនិងផ្សព្វផ្សាយព័ត៌មានបរិស្ថានជាកិច្ចការដ៏សំខាន់មួយក្នុងការចែករំលែកព័ត៌មានស្តីពីបរិស្ថានទៅកាន់សាធារណជនដើម្បីជ្រាប និងលើកកម្ពស់ការយល់ដឹងបរិស្ថាន ការការពារអភិរក្សធនធានធម្មជាតិ ក៏ដូចជាការទប់ស្កាត់នូវព័ត៌មានមិនពិតក្នុងវិស័យបរិស្ថាន។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមើល ឬចែករំលែកព័ត៌មានទាំងឡាយណា ដែលមានប្រភពច្បាស់លាស់ផ្លូវការពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចៀងវាងធ្វើការចែករំលែកនូវព័ត៌មានក្លែងក្លាយ ដែលអាចនាំមានបញ្ហាប្រឈមនឹងច្បាប់។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ«ការពង្រឹងអប់រំ ផ្សព្វផ្សាយ ដើម្បីជំរុញសកម្មភាពប្រតិបត្តិមេត្រីបរិស្ថាន» ដែលប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ធ្វើឡើងក្នុងគោលបំបំណងសំខាន់ចំនួន២ រួមមាន៖ ១)បង្ហាញបទពិសោធន៍ការងារក្នុងឆ្នាំ២០២៥ បញ្ហាប្រឈមនិងដំណោះស្រាយរបស់អង្គភាពជំនាញ និងផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២៦ និង២)ពង្រឹងកិច្ចសហការភាពជាដៃគូក្នុងការពង្រីកការអប់រំ ផ្សព្វផ្សាយចំណេះដឹងព័ត៌មានបរិស្ថាន និងពង្រឹងការគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ ដើម្បីជំរុញឥរិយាបថ ផ្នត់គំនិតមេត្រីភាពបរិស្ថានរបស់សាធារណជន និងគ្រប់គ្រងធនធានធម្មជាតិ។
សិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយរង ប្រធាននាយកដ្ឋាន តំណាងមន្ទីរបរិស្ថានរាជធានី-ខេត្ត អង្គការដៃគូ សារព័ត៌មានដៃគូ ព្រមទាំងមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ប្រមាណ២០០នាក់៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner