វេទិកា និងពិព័រណ៍កសិកម្មកម្ពុជារយៈពេល៤ថ្ងៃនៅកោះពេជ្រ បង្ហាញ នូវកសិផលជាយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ៖យ៉ាងហោចណាស់កសិផលជាយុទ្ធសាស្រ្តរបស់កម្ពុជាចំនួន៩មុខរួមមាន អង្ករ ដំឡូងមី ស្វាយចន្ទី ម្រេច បន្លែ ត្រី កៅស៊ូ ឈើ ស្វាយ ជាដើម ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត និងស្ដង់ប្រមាណ៤០០ នឹងត្រូវបានដាក់តាំងបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25 ) រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានថ្លែងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គ ដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេស ការផ្គត់ផ្គង់ផលិតផលកែច្នៃ ហើយដើម្បីសម្រេច គោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ការវិនិយោគក្នុងស្រុក ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ បច្ចេកវិទ្យា និងវានុវត្តន៍ ហើយនិងហិរញ្ញវត្ថុជាដើម។
ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឱ្យដឹងថា កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើនសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម រួមមាន ទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់ និងអន្តរជាតិ លក្ខខណ្ឌក្សេត្របរិស្ថានសមស្របសម្រាប់ ផលិតកម្មកសិកម្ម មូលដ្ឋានផលិតកម្មរឹងមាំ កម្លាំងពលកម្មវ័យក្មេង និងរួមទាំងការលើកទឹកចិត្តផ្នែកពន្ធ។

   ក្នុងន័យនេះ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា គឺជាគំនិតផ្តួចផ្តើមមួយដែលតួអង្គពាក់ព័ន្ធ ទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរមតិយោបល់ បង្កើតភាព ជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជន “ជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត” ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍, ការលើកកម្ពស់គុណភាព និង សុវត្ថិភាពស្បៀង, និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារតំបន់ និងសកលលោក តាមរយៈការអនុវត្តកសិកម្មល្អ ប្រកបដោយគុណភាព និងមេត្រីភាពបរិស្ថាន៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner