តុលាការអាមេរិកបង្គាប់ឱ្យ Boeing បង់ប្រាក់សំណងជាង ២៨ លានដុល្លារដល់គ្រួសារជនរងគ្រោះធ្លាក់យន្តហោះឆ្នាំ ២០១៩
ឈីកាហ្គោ ៖ គណៈវិនិច្ឆ័យនៅតុលាការសហព័ន្ធក្នុងទីក្រុងឈីកាហ្គោ នៅថ្ងៃពុធ បានចេញដីកាបង្គាប់ឱ្យក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Boeing បង់ប្រាក់សំណងជាង ២៨លានដុល្លារ ដល់គ្រួសាររបស់បុគ្គលិកបរិស្ថានអង្គការសហប្រជាជាតិម្នាក់ ដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះ 737 MAX ឆ្នាំ២០១៩ នៅប្រទេសអេត្យូពី។
បើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ, សាលក្រមនេះ បានសម្រេចឈរខាងក្រុមគ្រួសារជនរងគ្រោះឈ្មោះ Shikha Garg ហើយជាបណ្តឹងដំបូងបង្អស់ក្នុងចំណោមបណ្តឹងរាប់សិបករណី ដែលបានប្តឹងក្រុមហ៊ុន Boeing បន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងឆ្នាំ ២០១៩ និងគ្រោះថ្នាក់មួយទៀតនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៨ ដែលសម្លាប់មនុស្សសរុប ៣៤៦នាក់។
បើតាមមេធាវីរបស់គ្រួសារជនរងគ្រោះ, ក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធម្សិលមិញ គ្រួសារជនរងគ្រោះ Garg នឹងទទួលបានប្រាក់សំណងសរុប ៣៥,៨៥លានដុល្លារ ដែលជាចំនួនទឹកប្រាក់ក្នុងសាលក្រមពេញលេញ បូកនឹងការប្រាក់ ២៦% ហើយក្រុមហ៊ុន Boeing នឹងមិនប្តឹងឧទ្ធរណ៍ឡើយ។
សូមជម្រាបថា នៅឆ្នាំ២០១៩ ជើងហោះហើរលេខ៣០២ របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopia Airline ចេញពីទីក្រុង Addis Ababa ប្រទេស Ethiopia ទៅកាន់ទីក្រុង Nairobi ប្រទេស Kenya បានធ្លាក់ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហោះឡើង នេះបើយោងតាមការបញ្ជាក់ពីមេធាវីគ្រួសាររងគ្រោះ។
ចំណែកនៅឆ្នាំ ២០១៨ សោកនាដកម្មមួយផ្សេងទៀតបានកើតឡើង ដោយជើងហោះហើរលេខ៦១០ របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលសមុទ្រជ្វា ក្នុងប្រទេសឥណ្ឌូនេស៊ី៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា