អាមេរិកដាក់ទណ្ឌកម្មភាគីគាំទ្រផលិតកម្មមីស៊ីលផ្លោងបាលិស្ទីក និងយន្តហោះដ្រូនអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ក្នុងគោលបំណងដាក់បន្ថែមសម្ពាធលើអ៊ីរ៉ង់, សហរដ្ឋអាមេរិកបានប្រកាសបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីលើក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសមួយចំនួន ឆ្លើយតបការគាំទ្ររបស់ពួកគេដល់ផលិតកម្មយន្តហោះដ្រូន និងមីស៊ីលផ្លោងបាលិស្ទីករបស់អ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន The Straits times ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគាអាមេរិក, បុគ្គល និងក្រុមហ៊ុនសរុប៣២ ដែលមានមូលដ្ឋានៅប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម តួកគី ចិន ហុងកុង ឥណ្ឌា អាល្លឺម៉ង់ និងអ៊ុយក្រែន បានស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹងផលិតកម្មមីស៊ីលផ្លោងបាលិស្ទីក និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគាអាមេរិក បានលើកឡើងថា បុគ្គល និងក្រុមហ៊ុនដៃជើងរបស់អ៊ីរ៉ង់ទាំងនោះ បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា និងការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹកនានានៅសមុទ្រក្រហម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងសម្ព័ន្ធអឺរ៉ុបរបស់ខ្លួន បានចោទប្រកាន់ម្តងហើយម្តងទៀត ថាអ៊ីរ៉ង់កំពុងប្រើប្រាស់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន បង្វែរជាកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពផលិតសព្វាវុធប្រល័យលោក។

ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ជាច្រើនលើកច្រើនសារ បានចេញមុខទាត់ចោលចំពោះការចោទប្រកាន់នេះ ដោយអះអាងថា កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន ស្ថិតក្នុងគោលបំណងស៊ីវិល និងសន្តិភាពតែប៉ុណ្ណោះ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner