គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤)នៃរដ្ឋសភា បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត ២៥៧ គ្រួសារស្នាក់នៅបណ្តោះអាសន្ន កន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លាន ពានពីកងទ័ពសៀម ។
ឯកឧត្តម បានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាព សូមមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។
ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥៧ គ្រួសារ ដោយក្នុងមួយគ្រួសារ ថវិកាចំនួន ៥ម៉ឺនរៀល និង ថវិកា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥ម៉ឺនរៀលផងដែរ ។ ឧបត្ថម្ភ រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ១០លានរៀល ឧបត្ថម្ភប៉ូលីសការពារព្រំដែន ៩១១ ចំនួន ២,៥លានរៀល កងពលលេខ៥១ ចំនួន ២,៥លានរៀល ផ្នែកសឹករងអូរជ្រៅ ចំនួន ២,៥ លានរៀល កងរាជអាវុធហត្ថស្រុកអូរជ្រៅ ចំនួន ២,៥ លានរៀល សាលាស្រុកអូរជ្រៅ ចំនួន ២,៥ លានរៀល ភូមិជោគជ័យ ២ លានរៀល និងភូមិព្រៃចាន់ ២ លានរៀលផងដែរ។
បន្ទាប់មកគណ:ប្រតិភូ គណៈកម្មការទី៤ នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឌី ណៃ (ហៅ សល់) ដែលត្រូវទាហានថៃបាញ់ស្លាប់។ សពលោក ឌី ណៃ ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ដែលជា ទីតាំងជំរំសុវត្ថិភាពនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក ឌី ណៃ សូមឆាប់បានចាប់កំណើតជាថ្មី និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកបានធ្វើដំណើរទៅកាន់សុគតិភពដោយសេចក្ដីស្ងប់សុខជារៀងរហូត កុំបីឃ្លៀង ឃ្លាតឡើយ។ ជាមួយគ្នានោះ ឯកឧត្តម កែប ជុតិមានិងគណៈប្រតិភូ ក៏បានផ្តល់នូវថវិការបស់គណៈកម្មការទី៤ នៃរដ្ឋសភាចំនួន ២លានរៀលដល់គ្រួសារនៃសព ផងដែរ ៕
ប្រភព ៖ រដ្ឋសភា
















