ស៊ែប៊ី ព្រមានថា សង្គ្រាមរវាងណាតូ និងរុស្ស៊ី ចៀសមិនរួចពីផ្ទុះឡើង
ប៊ែលក្រាដ ៖ ប្រធានាធិបតីប្រទេសស៊ែប៊ី ព្រមានថា សង្គ្រាមរវាងអង្គការណាតូ ដែលសំដៅលើក្រុមប្រទេសលោកខាងលិច ជាមួយនឹងប្រទេសរុស្ស៊ី ចៀសមិនរួចពីផ្ទុះឡើងនោះឡើយ ។
ថ្លែងក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអង្គារ, លោក Aleksandar Vucic និយាយថា លទ្ធភាពនៃសង្គ្រាមរវាងភាគីទាំងនេះ លែងជាការប៉ាន់ស្មានទៀតហើយ ដោយសារតែការកើនឡើងយ៉ាងលឿននៃការចំណាយលើវិស័យយោធាពាសពេញទ្វីបអឺរ៉ុប ។
លោក Vucic បញ្ជាក់ថា ការសន្និដ្ឋានរបស់លោក គឺ មានភាពប្រាកដប្រជា ព្រោះតែប្រទេសដូចជា រូម៉ានី ប៉ូឡូញ ហ្វាំងឡង់ និងប្រទេសតូចៗផ្សេងទៀត កំពុងរៀបចំសម្រាប់ការពារជាតិ និងធ្វើសង្រ្គាម ហើយរុស្ស៊ី ក៏កំពុងធ្វើដូចគ្នានេះផងដែរ ។
បើតាមសារព័ត៌មាន RT, សហភាពអឺរ៉ុបកំពុងស្វែងរកការពង្រឹងយោធា យ៉ាងឆាប់រហ័ស ជុំវិញការគំរាមកំហែងពីសំណាក់រុស្ស៊ី ។ យ៉ាងណា ទីក្រុងម៉ូស្គូបានច្រានចោលការលើកឡើងនេះ ហើយចាត់ថា ជាវោហាសាស្ត្រនយោបាយបំភាន់ ក្នុងគោលបំណងបំង្វែរអារម្មណ៍ពីបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុង ។
ទីក្រុង មូស្គូ បានចោទប្រកាន់អង្គការណាតូ និង សហភាពអឺរ៉ុប ម្តងហើយម្តងទៀតថា បានបង្កអស្ថិរភាព នៅក្នុងទ្វីបអឺរ៉ុប តាមរយៈការព្រងើយកន្តើយ ចំពោះសំណើរបស់រុស្ស៊ី សម្រាប់ស្ថាបត្យកម្មសន្តិសុខទ្វីបរួមគ្នា ។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov, ទីក្រុងមូស្គូក៏ទទួលស្គាល់ដែរថា ប្រទេសលោកខាងលិច កំពុងរៀបចំឲ្យមានសង្គ្រាម ជាមួយរុស្ស៊ី ហើយពួកគេត្រៀមធ្វើយ៉ាងពេញលេញ សម្រាប់សេណារីយ៉ូ បែបនេះ ។
លោក Peskov និយាយថា លោកយល់ស្របជាមួយប្រធានាធិបតីស៊ែប៊ី ដែលបានព្រមានថា ការពង្រឹងយោធាយ៉ាងឆាប់រហ័ស របស់ទ្វីបអឺរ៉ុប ពិតជាធ្វើឲ្យជម្លោះផ្ទាល់រវាងរុស្ស៊ី និងប្រទេសលោកខាងលិចទំនងជាចៀសមិនរួចពីកើតឡើងមែន ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត
