ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅ ប៊ុលហ្គារី សម្តែងបទភ្លេងដែលបញ្ជាក់ពីប្រវត្តិទំនាក់ទំនងដ៏ល្អរវាង កម្ពុជា និងឥណ្ឌូនេស៊ី ប្រាប់ដល់ពិភពលោក

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី បានផ្សព្វផ្សាយសិល្បៈវប្បធម៌មរតកចម្រៀងខ្មែរ ទៅកាន់ពិភពលោក ដែល ឯកឧត្តមឯកអគ្គរាជទូត បានហៅថា “តន្ត្រី គឺជាការទូតដ៏ល្អ” ជាវិធីសាស្រ្តនៃទំនាក់ទំនងកាទូតបែបស្ងៀមស្ងាត់ និងស្ងប់ចិត្ត មុនឈានទៅការប្រើប្រាស់គោលដៅនយោបាយ ឬសេដ្ឋកិច្ច ។

បទចម្រៀង ២បទ ដែលមានចំណងជើងថា «បឹងហ្គាវ៉ាន់សូឡូ» និងបទ «Good Bye Bogor» គឺជាចម្រៀង ដែលបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងការទូត និងសិល្បៈរវាងកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបាន ‌ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅ ប៊ុលហ្គារី បានលើកយកមកសម្តែងជូនដល់បណ្តាអង្គទូតជាច្រើន ប្រចាំនៅប៊ុលហ្គារី នៅក្នុងកម្មវិធីនៃខួបទំនាក់ទំនងកាទូតរវាងឥណ្ឌូនេស៊ី និងប៊ុលហ្គារី ។

ឯកឧត្តម ជា ច័ន្ទបរិបូណ៌ បានបញ្ជាក់ថា កម្មវិធីដែលបានរៀបចំឡើងដោយ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅប៊ុលហ្គារី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នោះ គឺមានតែទូតកម្ពុជា មួយប៉ុណ្ណោះ ក្នុងចំណោមទូតចំនួន ៣នៅអាស៊ាន ដែលស្ថានទូតឥណ្ឌូនេស៊ី បានអញ្ជើញឲ្យសម្តែងនៅក្នុងកម្មវិធីនោះ ។

កម្មវិធីនេះ ជាសញ្ញាសម្គាល់ដ៏ល្អមួយបង្ហាញថា តន្រ្តីអាចធ្វើជាស្ពាននៃមិត្តភាព និងទំនាក់ទំនងការទូត ជាការយោគយល់អន្តរជាតិ ដោយបង្រួមចិត្តមនុស្សពីវប្បធម៌នានាឲ្យជិតស្និទ្ធជាងមុន ។

“តន្ត្រី គឺជាការទូតដ៏ល្អ” គឺជាគំនិតដែលគេស្គាល់ថា តន្ត្រីត្រូវបានប្រើដើម្បីជំរុញការយល់ដឹងអំពីការលើកកម្ពស់សន្តិភាព និងការកសាងទំនាក់ទំនងរវាងប្រជាជាតិនានា និងជាឧបករណ៍សម្រាប់អំណាចទន់ តាមរបៀបដែលការទូតតន្ត្រីដំណើរការ ជាភាសាសកល ដោយបានឆ្លងកាត់ភាពខុសគ្នានៃភាសា និងវប្បធម៌ ដោយបង្កើតមូលដ្ឋានទូទៅសម្រាប់ទំនាក់ទំនង និងការតភ្ជាប់ទំនាក់ទំនងផ្លូវអារម្មណ៍, ការផ្លាស់ប្តូរវប្បធម៌, ការកសាងទំនុកចិត្ត និងការលើកកម្ពស់តម្លៃជាតិ ដែលអាចជៀសផុតពីឧបសគ្គនៃនយោបាយ និងភាសា ដោយការទាក់ទងគ្នាក្នុងកម្រិតអារម្មណ៍ និងបង្កើតចំណងដ៏មានអត្ថន័យប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានថ្លែងប្រាប់ពីគោលបំណងនៃការលើកយកបទទាំងពីរមកសម្តែងក្នុងឱកាសនោះថា គឺដោយសារបទទាំងពីរនេះ បានរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ ដែលបន្សល់ទុកនូវការចងចាំតាមរយៈសិល្បៈនៃចម្រៀង ។

ឯកឧត្តមបណ្ឌិត បានថ្លែងពីប្រវត្តិនៃចម្រៀងទាំងពីនេះថា បទ Good Bye BOGOR ជាព្រះរាជនិពន្ធព្រះបរមរតណកោដ្ឋ ដែលមិនមែនជាពាក្យលាគ្នានោះទេ ប៉ុន្តែជាពាក្យនៃការចងចាំ និងក្តីសង្ឃឹមថ្មី សម្រាប់មិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ី ។ បទនេះ ត្រូវបាន សម្តេចព្រះនរោត្តម សីហនុ ព្រះនិពន្ធឡើង ក្នុងព្រឹត្តិការណ៍សម្ដែងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកាលណោះ ព្រះមហាក្សត្រខ្មែរ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងបូហ្គ័រ (Bogor) ប្រទេសឥណ្ឌូនេស៊ី និងព្រះអង្គបានទទួលឲ្យស្នាក់នៅក្នុងសណ្ឋាគារព្រះរាជានៃ Bogor Palace ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ីទូទាំងប្រទេស ។ ព្រះអង្គបានចូលរួមពិធីជួបជុំជាមួយមេដឹកនាំជាន់ខ្ពស់ និងបានបង្ហាញពីចក្ខុវិស័យនៃការចងក្រងទំនាក់ទំនងមិត្តភាព និងសហប្រតិ បត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍សន្តិភាព សេដ្ឋកិច្ច និងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ព្រះរាជនិពន្ធបទ «Good Bye BOGOR» បានក្លាយជាផ្នែកមួយនៃសញ្ញានៃមិត្តភាពអស់កល្បជានិច្ច រវាងប្រជាជនកម្ពុជា និងឥណ្ឌូនេស៊ី ដោយព្រះអង្គបានបង្ហាញពីមនុស្សធម៌ភាព និងភាពសប្បុរសជាទីគោរព ដែលជារូបសញ្ញានៃសន្តិភាព និងសេចក្តីស្រឡាញ់ ។

នៅពេលចាកចេញពី Bogor ព្រះអង្គបានប្រកាស ឲ្យប្រជាជនទាំងពីរបន្តរក្សាមិត្ត ភាព និងការសហការជាបន្តទៀត ដើម្បីអភិវឌ្ឍជាតិឲ្យរីកចម្រើន និងអនុញ្ញាតឲ្យសន្តិភាពរីកសាយជាបន្តបន្ទាប់។ ដោយឡែក បទ «បឹងហ្គាវ៉ាន់សូឡូ» បានកើតឡើងដំបូង នៅឆ្នាំ១៩៦៤ ជាចម្រៀងដែលបានរំលឹកពីប្រវត្តិនៃដំ ណើរព្រះរាជទស្សនកិច្ចទៅប្រទេសឥណ្ឌូនេស៊ី របស់អតីតព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ផងដែរ ដែលកាលណោះ ប្រមុខរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី បានធ្វើពិធីលាងសាយភោជមួយយ៉ាងធំថ្វាយព្រះអង្គ នៅលើដងទន្លេសូឡូ ។

ប្រមុខរដ្ឋឥណ្ឌូនេស៊ី បានបង្គាប់ឲ្យក្រុមតន្ត្រីឥណ្ឌូនេស៊ីសម្តែងបទ បឹងហ្គាវ៉ាន់សូឡូ ថ្វាយព្រះអង្គទត និងបន្ទាប់មកនៅភ្លាមៗនោះដែរ ក្រុមចម្រៀងខ្មែរដែលដង្ហែរទៅជាមួយព្រះអង្គ ក៏បានតែងទំនុកច្រៀងជាភាសាខ្មែរ ច្រៀងនៅក្នុងឱកាសនោះផងដែរ និងក្រោយមកបទនោះ ក៏ក្លាយជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ីតមករហូតដល់សព្វថ្ងៃ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB: Dr. CHEA Chanboribo

ads banner