សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោក លោកស្រី និងក្រុមគ្រួសារទាំងអស់នៃសពលោក ឌី ណៃ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវក្តីសង្វែកជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះថា មរណភាព របស់ លោក ឌី ណៃ គឺជាការបាត់បង់កូន ចៅ និងសាច់ញាតិជាទីស្រឡាញ់ និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ ឪពុក ម្តាយ និងក្រុមគ្រួសារ។ ខ្ញុំសូមកោតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការស្នេហាជាតិស្រឡាញ់សន្តិភាព ទឹកដី របស់លោក ជាមួយសកម្មភាពដ៏ល្អនេះ នឹងដិតជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត ។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner