រួមសុខរួមទុក្ខ! វីតាល់នាំយកទឹកបរិសុទ្ធចែកជនភៀសសឹកដល់ជំរុំទាំងយប់
បន្ទាយមានជ័យ ៖ ក្រុមហ៊ុនវីតាល់បាននាំយកទឹកបរិសុទ្ធ ចែកជូនជនភៀសសឹកទាំងយប់ នៅជំរុំវត្តច័ន្ទស៊ី សាមគ្គី រតនារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការចែកជូនទឹកនេះ ដើម្បីចូលរួមចំណែកគិតគូរពីសុខទុក្ខប្រជាជនខ្មែរ និងសុខមាលភាពអំឡុងពេលស្នាក់នៅជំរំ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធគ្រប់ដៃថៃទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែរយើងរស់នៅតាមខ្សែបន្ទាត់ជិតព្រំដែនខ្មែរ-ថៃ។
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗនៅកន្លែងកើតហេតុ និង រងរបួសមានចំនួន ៣នាក់៕















