អ៊ីរ៉ង់សម្ញែងយន្តហោះដ្រូនពិឃាដ និង មីស៊ីលផ្លោងបាលិស្ទីកធ្លាប់ប្រើវាយលុកអ៊ីស្រាអែល
តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានដាក់តាំងសម្ញែងប្រភេទមីស៊ីលផ្លោងបាលិស្ទីក និងយន្តហោះដ្រូនពិឃាដ ដែលត្រូវបានប្រើប្រាស់ក្នុងជម្លោះយោធាជាមួយអ៊ីស្រាអែលកាលពីខែមិថុនា។
អាវុធដែលអ៊ីរ៉ង់ផលិតក្នុងស្រុកផ្ទាល់ដៃ ដែលត្រូវបានបង្ហាញអំឡុងព្រឹត្តិការណ៍ពិព័រណ៍សព្វាវុធដ៏ធំមួយក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃពុធ រួមមានមីស៊ីលផ្លោងបាលិកស្ទីក Khorramshahr ដែលត្រូវបានគេរាយការណ៍ថា អាចវាយប្រហារក្នុងចម្ងាយប្រហែល ២,០០០គីឡូម៉ែត្រ។
មីស៊ីលផ្លោងបាលិស្ទីកមួយប្រភេទទៀតមានឈ្មោះថា Emad ក៏មានសមត្ថភាពវាយលុកគោលដៅក្នុងចម្ងាយប្រហែល ១,៧០០គីឡូម៉ែត្រ។ ដោយឡែកយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនពិឃាដទំនើបៗ និងប្រព័ន្ធរ៉ាដាការពារដែនអាកាសក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ។
ឧត្តមសេនីយ៍ឯក Ali Balali នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានថ្លែងព្រមានថា ឥឡូវនេះ អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយបកភ្លាមៗវិញ ប្រសិនបើខ្លួនរងការវាយប្រហារម្តងទៀតដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃទៀត។
បើតាមឧត្តមសេនីយ៍ឯក Ali Balali, អ៊ីរ៉ង់គឺជាមហាអំណាចដ៏លេចធ្លោមួយនៅក្នុងវិស័យផលិតគ្រាប់មីស៊ីល ហើយបើសិនមានអ្វីមួយកើតឡើង នោះអ៊ីរ៉ង់នឹងធ្វើសកម្មភាពបន្ថែមទៀត និងកាន់តែមានប្រសិទ្ធភាពជាងមុន៕



ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា