លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់អនុសាសន៍ដល់ យុវជន កាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិ នៅសិង្ហបុរី

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និង ផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន ៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំ​កាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី (Singpore International Jamboree 2025) ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់​អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាន​នូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែល​ចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា ។

លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជន​ជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សា និងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិន​បានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈ​ប្រតិភូ​យុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន ។

ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើ​ទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះ​ជំរំ​កាយ​ឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀន​សូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ទេស​ចរណ៍ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា ទៅកាន់​យុវជន​ទាំងអស់នោះ ជាពិសេសត្រូវរក្សាសីលធម៌ ប្រពៃណី មានសុជីវធម៌ រក្សាសុខភាព សេចក្តីថ្លែថ្នូរ ចេះរួបរួមសាមគ្គីគ្នា ចេះយកអាសារគ្នា គោរពច្បាប់ វិន័យ និងបទបញ្ជាផ្សេងៗរបស់កម្មវិធី ជាពិសេស ត្រូវលើកមុខលើកមាត់ប្រទេសជាតិយើង ដើម្បីឲ្យមានឱកាសបន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ សម្រាប់ប្អូនៗជំនាន់ក្រោយ ។

កញ្ញា ហូយ សុភារី កាយឫទ្ធិជំទង់ តំណាងប្រតិភូយុវជន​កាយឫទ្ធិជាតិកម្ពុជា បានប្ដេជ្ញាថា នឹងចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ជាមួយកម្មវិធីក្នុងជំរំ បង្ហាញឱ្យអស់ពីសមត្ថភាព និងទេពកោសល្យរបស់​យុវជន​កម្ពុជា ចែករំលែក វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យ​របស់កម្ពុជា ទៅកាន់សមាជិកជំរំ ហើយថែរក្សាសុខភាព និងសុវត្ថិភាពខ្លួន ដើម្បីចូលរួមឱ្យពេញទំហឹង និងត្រឡប់​មក​វិញ​ដោយ​ជោគជ័យ ពិសេសនាំមកនូវកិត្តិយសជូន​ជាតិមាតុភូមិ ខណៈបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ចូល​រួមយ៉ាងសកម្ម ដើម្បីបង្ហាញពីចំណេះដឹងសមត្ថភាព វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា ។

កញ្ញាបន្តថា នឹងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជា ដែលកំពុងតែរីកចម្រើន លូតលាស់ឥតឈប់ឈរទាំង​បញ្ញា ស្មារតី ជូនមិត្តក្នុងជំរំ ។ កម្មវិធីនេះក៏ជាឱកាសបាន​បង្ហាញពី “ស្មារតីកម្ពុជាតែមួយ”។ កម្ពុជាដែលស្ថិត​ក្រោម​ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែភ នាយករដ្ឋ​មន្ត្រីនៃកម្ពុជា ដែលពោរពេញដោយឱកាស ការអភិវឌ្ឍ​លើគ្រប់វិស័យ និងឥតឈប់ឈរ ពិសេសស្មារតីរួប​រួម​ដែលធ្វើឱ្យកម្ពុជារឹងមាំ និងបានឆ្លងកាត់ឧបសគ្គ​ដោយ​ជោគជ័យ រហូតទទួលស្គាល់ពីអន្តរជាតិ ។

កញ្ញា ហូយ សុភារី បានបន្ថែមថា បន្ទាប់អំពីចូលរួមការ​បោះជំរំ នឹងអាចអភិវឌ្ឍខ្លួនឯងមួយកម្រិតទៀត ឱ្យក្លាយ​ជាយុវជន ដែលមានទំនួលខុសត្រូវខ្ពស់ ចេះសហការ​រស់នៅ និងធ្វើការជាមួយគ្នាដោយក្តីសុខដុម ពិសេស​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអ្នកជំនាន់មុន ដើម្បីការពារប្រទេសជាតិ នៅពេលដែលប្រទេសជាតិត្រូវ​ការ ហើយគោរពច្បាប់ និងបទបញ្ជានានារបស់ជំរំ ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំកាយឫទ្ធិ​ជំទង់​អន្តរជាតិសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកម្មវិធីសម្រាប់កាយឫទ្ធិជំទង់​ចន្លោះអាយុ ១៣ ដល់ ១៧ឆ្នាំ រៀបចំឡើងក្នុងគោល​បំណង ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃឯករាជ្យជាតិ​សឹង្ហបុរី និងប្រមូលផ្តុំកាយឫទ្ធិ មកពីក្នុងតំបន់ធ្វើការ​បណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាង៣ប្រទេស ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner