ក្រុមអ្នកសង្កេតការណ៍អាស៊ានចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដែលបាញ់ប្រហារដោយយោធាថៃ

ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា​ កាលពីថ្ងៃ​ព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹកក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)បានចូលរួម​ពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជន​រងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោល​ដោយ​គ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទាក់ទងនឹងការបាញ់ប្រហារដោយយោធាថៃលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា”កម្ពុជាសូមឱ្យ​មានការបើកការស៊ើបអង្កេតដោយ​ឯករាជ្យ​លើករណីនេះនិងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមាន​ជំនាញដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារ​របស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា”។

អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម​ច្បាប់​អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់​កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

គួររំលឹកថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​មាន ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន៣នាក់ និងបាត់បង់ជីវិតចំនួនមួយនាក់៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner