កម្ពុជា និង លិចតិនស្តាញ បន្តអនុវត្តគម្រោង “សម្ភារៈ​សិក្សា​ឌីជីថលសម្រាប់ អ.ប.វ.-ដំណាក់កាលទី២” ដើម្បី​ពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (Liechtenstein Development Service – LED) បានចុះអនុស្សរណៈស្តីពីការ​អនុវត្ត​គម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់​កាលទី២” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងចូលរួម​អភិ​វឌ្ឍ​សម្ភារៈសិក្សាឌីជីថលដែលមានគុណភាព​អប់រំតាម​ស្តង់ដារ TVET និង​ចូលរួមក្នុងការកសាងយន្តការប្រកប​ដោយចីរភាព ជំរុញ​ការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះ​បណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយ​សេដ្ឋកិច្ចឌីជីថលនិងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥​”​។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ​ដល់​ភា្នក់ងារអភិវឌ្ឍ​ន៍​លិចតិនស្តាញ (LED) ដែលបាន​ទុកចិត្ត និងបានធ្វើ​កា​រ​ជាមួយក្រសួងយ៉ាងជិតស្និទ្ធ​ក្នុង​អំឡុងនៃការអនុវត្ត​គម្រោ​ង “សម្ភារៈសិក្សាឌីជីថល​សម្រាប់ អ.ប.វ.- ដំណាក់កាល​ទី១” កាលពីពេល​កន្លង​ទៅ ដែលសម្រេចបានផ្លែផ្កា​យ៉ា​ង​ល្អប្រសើរ ដោយបាន​ចូល​រួមយ៉ាងសំខាន់ក្នុងការ​លើក​កម្ពស់ជំនាញ​បច្ចេក​ទេ​ស​របស់សិស្ស និស្សិត, ពង្រឹង​សមត្ថភាពដល់អ្នកបណ្ដុះ​បណ្ដាលផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវ​គម្រោង​សម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ.​ដំណាក់​កាលទី២នេះ មានសារៈសំខាន់​សម្រា​ប់​ការអនុវត្តថ្នាល​សិ​ក្សាតាមប្រព័ន្ធឌីជីថល​នៅតាមគ្រឹះ​ស្ថាន អ.ប.វ. ជាពិ​សេសគឺពង្រីកឱកាសបណ្ដុះបណ្ដាល​ជំនាញដល់សិក្ខា​កាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូ​លា​យ​។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវចក្ខុវិស័យ​ក្នុងការបើកទូលាយនូវថ្នាលបណ្តុះបណ្តាលឌីជីថលនេះ ដល់វិស័យឯកជនផងដែរ ដែលជួយក្នុងការបង្កើនជំនាញ​បន្ថែមសម្រាប់បុគ្គលិកបម្រើការងារ និងអ្នកហាត់ការនៅ​តាមស្ថាប័នឯកជន។  

ជាការឆ្លើយតប លោក Pius Frick បានសម្ដែងក្ដីសោម​នស្ស​រីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ និងបាន​គូស​​បញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង “សម្ភារៈ​សិក្សាឌីជីថលសម្រាប់ អ.ប.វ. – ដំណាក់កាលទី២” ដែល​នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាព តាម​រយៈការរៀនផង និងអនុវត្តផង៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner