វៀតណាមលក់បន្លែ,ផ្លែឈើឲ្យ ចិន ៤ពាន់លានដុល្លារ ត្រឹម៩ខែ
MC. ហាណូយ ៖ វៀតណាមបាននាំចេញបន្លែ និង ផ្លែឈើ តម្លៃ ៤.០៦ពាន់លានដុល្លារ ទៅកាន់ប្រទេសចិន ត្រឹមរយៈពេល ៩ខែដំបូង នៃ ឆ្នាំ២០២៥ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃពុធ, ទិន្នន័យគយចិន បានបង្ហាញថា
ធុរេន និងចេក គឺជាផលិតផល ដែលជំរុញខ្លាំងជាងគេ ក្នុងនោះ ទុរេននាំចេញ មានតម្លៃ រហូតដល់ ២,៣ពាន់លានដុល្លារ។ រីឯ ចេកនាំទៅចិនវិញ មានទំហំទឹកប្រាក់ ២៣២លានដុល្លារ កើនឡើង ១៦ភាគរយ។ ផ្លែចេកវៀតណាម មានការពេញនិយមពីសំណាក់អ្នកនាំចូលនៅប្រទេសចិន ជាពិសេស តាមខេត្តនៅជិតព្រំដែន ដូចជា ខេត្តក្វាងស៊ី និងក្វាងទុង ដែលអ្នកទទួលទាន ចូលចិត្តផលិតផលស្រស់ៗ និង មានតម្លៃសមរម្យ។
ត្រង់ចំណុចនេះ លោក Dang Phuc Nguyen អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា អ្នកនាំចេញទទួលបានអត្ថប្រយោជន៍ ពីការនៅជិតប្រទេសចិន ជាហេតុនាំឲ្យ ពេលវេលាដឹកជញ្ជូន ចំណាយតិច ហើយ ថ្លៃដើម មានកម្រិតទាប។
ក្រៅពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា អាស៊ាន-ចិន, RCEP និង ពិធីសារលក្ខណៈទ្វេភាគី ក៏ជួយសម្រួលដល់ការនាំចេញផងដែរ។
នៅឆ្នាំនេះ អាជីវកម្មវៀតណាមជាច្រើនបានធ្វើឱ្យប្រសើរឡើង នៅចំការដាំដុះ និងដំណើរការវេចខ្ចប់ របស់ពួកគេ ហើយបានបណ្តាក់ទុន ក្នុងឃ្លាំងត្រជាក់ ដើម្បីបំពេញតម្រូវការនាំចូល ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។
ពួកគេបាននិយាយថា ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសចិន វៀតណាមចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល, កែលម្អបច្ចេកវិទ្យាស្តុកទុក និង រក្សាស្តង់ដារគុណភាព៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
