ហុងគ្រីប្តេជ្ញាប្តឹងអឺរ៉ុប ជុំវិញការហាមឃាត់ឧស្ម័នរុស្ស៊ី

ប៊ុយដាប៉ែស ៖ នាយករដ្ឋមន្ត្រី ប្រទេសហុងគ្រី លោក Viktor Orban បានសន្យាថា ទីក្រុង Budapest នឹងប្តឹងសហភាពអឺរ៉ុបទៅតុលាការ ជុំវិញផែនការ បញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ី។

កាលពីខែមុន ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តគម្រោង បញ្ចប់ការនាំចូលឧស្ម័នពីរុស្ស៊ី នៅត្រឹមឆ្នាំ២០២៨។ វិធានការនេះតម្រូវឱ្យកិច្ចសន្យា រយៈពេលខ្លី ត្រូវបញ្ចប់ ក្នុងរយៈពេល៦ខែ ហើយការផ្គត់ផ្គង់បំពង់ និង ឧស្ម័ន LNG ដែលនៅសេសសល់ទាំងអស់ ត្រូវបញ្ឈប់ នៅចុងឆ្នាំ២០២៧។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT កាលពីថ្ងៃសុក្រ, រដ្ឋសហភាពអឺរ៉ុបជាច្រើន រួមទាំងហុងគ្រី និងស្លូវ៉ាគី បានរិះគន់ការផ្លាស់ប្តូរនេះ ដោយព្រមានថា វានឹងជំរុញតម្លៃ និងធ្វើឱ្យខូចសន្តិសុខថាមពល។ ថ្លែងតាមវិទ្យុរដ្ឋ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក Orban បាននិយាយថា ទីក្រុង ប៊ុយដាប៉ែស បានចាត់ទុកការសម្រេចចិត្តនេះថា មិនស្របច្បាប់ ព្រោះវាត្រូវបានអនុម័ត ដោយសំឡេងភាគច្រើន តែ មិនមែនជាការសម្រេច ដោយជាឯកច្ឆ័ន្ទ។

លោក Orban បានបន្ថែមថា រដ្ឋាភិបាលរបស់លោកក៏កំពុងពិចារណា លើមធ្យោបាយផ្សេងទៀត ដើម្បីរារាំងផែនការនេះ ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លោកបានអះអាងថា នេះមិនមែនជាការដាក់ទណ្ឌកម្មទៀតទេ ប៉ុន្តែ ជាវិធានការគោលនយោបាយពាណិជ្ជកម្ម ហើយ ថាមពលគួរតែនៅក្រៅជម្លោះនយោបាយ។

សហភាពអឺរ៉ុប បានមើលឃើញ ពីការកើនឡើង នៃតម្លៃថាមពល ចាប់តាំងពីខ្លួនបានចាប់ផ្តើមផ្អាកការនាំចូលប្រេង និងឧស្ម័ន របស់រុស្ស៊ី បន្ទាប់ពីការកើនឡើង នៃសង្គ្រាម រវាងរុស្សី និង អ៊ុយក្រែន ក្នុងឆ្នាំ២០២២៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner