ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល”
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)បានសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល” នៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ. អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ន.ទ.ក. ប្រមាណ ៦០នាក់។

សិក្ខាសាលាបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីបទពិសោធរបស់ប្រទេសសិង្ហបុរី ដែលចែករំលែកដោយ តំណាងគណៈកម្មការកិច្ចការពារទិន្នន័យបុគ្គលនៃប្រទេសសិង្ហបុរី ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ (១) គំរូនៃការបង្កើតអាជ្ញាធរកិច្ចការពារទិន្នន័យបុគ្គល, (២) យន្តការនៃការគ្រប់គ្រងរដ្ឋបាលនិងការអនុវត្តច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលប្រកបដោយប្រសិទ្ធភាព, និង (៣) យុទ្ធសាស្ត្រនៃការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃកិច្ចការពារទិន្នន័យបុគ្គលទាំងមូល។ បទពិសោធជាក់ស្តែងទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំអង្គភាពកិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា។

សិក្ខាសាលាបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ក.ប.ទ. ក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងស្ថាប័ន ពាក់ព័ន្ធនឹងកិច្ចការពារទិន្នន័យបុគ្គល និងជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ





