រយៈពេលមួយឆ្នាំពេញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំមានការស្លាប់សត្វផ្សោតនៅកម្ពុជាទេ
(ភ្នំពេញ)៖ ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងទេ។ នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
ជាមួយពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះដែរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកសិកម្មបានលើកឡើងថាករណីនេះវាក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយ ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ មកទល់បច្ចុប្បន្ន។
ក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជា បានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជា នាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល ។
ក្រសួងកសិកម្មបានចាត់ទុកថា នេះជាលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សមិទ្ធផលដ៏វិសេសវិសាលនេះ មានការ យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្នាំទន្លេដែលបាន លះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែសហការផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់ ៕
ដោយ ៖ ម៉ាដេប៉ូ


