លីបង់ប្តឹង UN ជុំវិញអ៊ីស្រាអែលសង់ជញ្ជាំងបំពានព្រំដែន
បេរូត ៖ ប្រទេស លីបង់ បាននិយាយ កាលពីថ្ងៃសៅរ៍ ថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជុំវិញការសាងសង់ជញ្ជាំងបេតុងរបស់អ៊ីស្រាអែល តាមបណ្តោយព្រំដែនភាគខាងត្បូង ព្រោះថា បានលាតសន្ធឹងហួសពីខ្សែបន្ទាត់ពណ៌ខៀវ ដែលកំណត់ដោយអង្គការសហប្រជាជាតិ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ខ្សែបន្ទាត់ពណ៌ខៀវសម្គាល់ព្រំដែនបំបែក លីបង់ ពី អ៊ីស្រាអែល និង តំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។ កងកម្លាំងអ៊ីស្រាអែលបានដកថយទៅកាន់ខ្សែបន្ទាត់នេះ នៅពេលដែលពួកគេបានចាកចេញពីប្រទេសលីបង់ ភាគខាងត្បូង ក្នុងឆ្នាំ២០០០។
ប្រធានាធិបតីលីបង់ បាននិយាយថា ការសាងសង់កំពុងបន្តរំលោភលើអធិបតេយ្យភាព របស់ប្រទេសលីបង់ និងរំលោភលើដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ដែលបានបញ្ចប់សង្រ្គាមឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និង ក្រុមហេសបូឡា។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយ កាលពីថ្ងៃសុក្រថា ជញ្ជាំងបានធ្វើឱ្យដីលីបង់ជាង ៤,០០០ ម៉ែត្រការ៉េ មិនអាចចូលទៅដល់បាន សម្រាប់អ្នកស្រុក ហើយអះអាងថា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ ហៅកាត់ UNIFIL បានស្នើសុំឲ្យដកចេញ។
យ៉ាងណា អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា «វាគឺជាផ្នែកមួយ នៃផែនការការពារទូលំទូលាយ ដែលបានចាប់ផ្តើម នៅឆ្នាំ២០២២»។
យោធាបាននិយាយថា អ៊ីស្រាអែលបានពង្រឹងការការពារព្រំដែនភាគខាងជើង ចាប់តាំងពីសង្រ្គាមបច្ចុប្បន្ន បានចាប់ផ្តើម។ UNIFIL ដែលដើរល្បាតតំបន់ រវាងទន្លេ Litani និងខ្សែបន្ទាត់ខៀវ មានកងទ័ពជាង ១០,០០០ នាក់មកពី ៥០ ប្រទេស និងបុគ្គលិកស៊ីវិលប្រហែល ៨០០ នក់ នេះបើយោងតាមបេសកកម្ម UNIFIL នេះ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត


