ចង្ក្រានសន្សំសំចៃថាម ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន២៧៣គ្រួសារនៅស្រុកសន្ទុក
កំពង់ធំ៖ចង្ក្រានសន្សំសំចៃថាមពលចំនួន២៧៣ គ្រឿង ត្រូវបានចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧៣ គ្រួសារមកពីភូមិ៧មករា និងភូមិតាំងក្រសាំង នៃឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំក្រោមការអញ្ជើញចូលរួមពីលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ

ក្នុងពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកសន្ទុកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថា ការផ្តល់ចង្ក្រានសន្សំសំចៃថាមពលនេះ គឺជាកិច្ចសហការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន អ៊ិនត្រាកូ មកពីប្រទេសវៀតណាម។ការផ្តល់ចង្រ្កាននេះដែរក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុខភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍។កាត់បន្ថយថ្លៃចំណាយ លើការប្រើប្រាស់អុស និងចូលរួមគាំទ្រការពារបរិស្ថាន។រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លោកជំទាវបន្ថែមថា សកម្មភាពនេះដែរក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមទីជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ប៊ុន រដ្ឋា

