មេធំអ៊ីស្រាអែលជជែកជាមួយលោកពូទីន តាមទូរស័ព្ទ មុន UN សម្រេចពង្រាយកងរក្សាសន្តិភាពនៅហ្គាហ្សា
MC. មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយគ្នាតាមទូរស័ព្ទ មុនការបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ហ្គាហ្សា។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT, វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃសៅរ៍ ថា «ការផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់ លើស្ថានភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំង ការវិវត្តនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងបរិបទនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកជាប់ឃុំ»។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងស្ថានភាពនៅស៊ីរីផងដែរ។
ការិយាល័យ របស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយនិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង ប្រធានាធិបតីរុស្ស៊ី ពិតជាបានពិភាក្សា អំពីបញ្ហា ក្នុងតំបន់។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានផ្សព្វផ្សាយសេចក្តីសម្រេច ដែលបានស្នើឡើង ដោយអនុញ្ញាតឱ្យដាក់ពង្រាយកងកម្លាំងស្ថេរភាពអន្តរជាតិ ហៅកាត់ ISF នៅក្នុងតំបន់ហ្គាហ្សា សម្រាប់រយៈពេល យ៉ាងហោចណាស់ ២ឆ្នាំ និង អំពាវនាវឱ្យមានការបង្កើតនូវអ្វីដែលគេហៅថាក្រុមប្រឹក្សាសន្តិភាព ជាស្ថាប័នគ្រប់គ្រងអន្តរកាល។
កាលពីថ្ងៃសុក្រ ប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា, អេមីរ៉ាត់ អារ៉ាប់រួម, ហ្សកដានី ,តួកគី, ប៉ាគីស្ថាន និង ឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយ គាំទ្រសំណើរបស់អាមេរិក។
ទីក្រុងមូស្គូបានដាក់សំណើ ជំនួសមួយ ដែលផ្តល់ភារកិច្ចដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជាមួយនឹងការបង្កើតជម្រើសសម្រាប់ការអនុវត្តផែនការសន្តិភាព របស់ប្រធានាធិបតីអាមេរិក Donald Trump ។
បេសកកម្មរុស្ស៊ីបានរិះគន់ផែនការរបស់អាមេរិក ជុំវិញការខ្វះឧបករណ៍ត្រួតពិនិត្យ និងការគ្រប់គ្រងលើកម្លាំងរក្សាស្ថិរភាព និង មិនបាននិយាយអំពីដំណោះស្រាយ រដ្ឋពីរ។ ប្រភពបាននិយាយថា «មានតែវិធីសាស្រ្ត ស្មើគ្នា និងរួមបញ្ចូលពិតប្រាកដប៉ុណ្ណោះ” ដែលអាចធានាសន្តិភាពបាន»។
សំណើទាំងពីរ ត្រូវបានគេរំពឹងថា នឹងត្រូវបោះឆ្នោត នៅថ្ងៃចន្ទ ស្អែកនេះ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត
