សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត

ភ្នំពេញ៖ នាពេលអនាគតរាជរដ្ឋាភិបាលនឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹក​ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដល់ប្រជាកសិករ ។នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្តសំណេរដោយបង្ហាញពីប្រព័្ធធារាសាស្ត្រនៅកម្ពុជា​ត្រូវបានចែកជាពីរ​ប្រភេទសំខាន់ៗ គឺប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រព័ន្ធធារាសាស្ត្រមិនគ្រប់ជ្រុងជ្រោយ ។

តើអ្វីទៅប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ? សម្ដេចធិបតីបានពន្យល់ថាសំដៅលើប្រព័ន្ធធារាសាស្ត្រមួយដែលមាន៖ ១.អាងទឹកដែលប្រភពទឹកមិនចេះរីងស្ងួត, ២.ប្រឡាយមេដែលនាំទឹកពីប្រភពទឹកទៅកាន់តំបន់ផ្សេងៗ, ៣.ប្រឡាយរង ដែលនាំទឹកបន្តពីប្រឡាយមេទៅកាន់តំបន់ដែលត្រូវប្រើប្រាស់ទឹក(ដីកសិកម្ម) ប៉ុន្តែនៅឆ្ងាយពីប្រឡាយមេ និង ៤. ប្រឡាយជើងក្អែប ដែលនឹងនាំទឹកចេញពីប្រឡាយរង ទៅកាន់ដីស្រែកសិកម្មតែម្ដង ។ ចំណែកឯប្រព័ន្ធធារា​សាស្ត្រមិន​គ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធមួយដែលមានតែប្រឡាយ ប៉ុន្តែនៅឆ្ងាយពីប្រភពទឹក ឬមានតែប្រភពទឹក ប៉ុន្តែគ្មានប្រឡាយ​សម្រាប់នាំទឹកយកទៅប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។

បើតាមសម្ដេចធិបតីហ៊ុន ម៉ាណែត នៅកម្ពុជា ប្រឡាយមួយចំនួនធំស្ថិតនៅជាប្រភេទប្រព័ន្ធធារាសាស្ត្រមិនទាន់​គ្រប់​ជ្រុងជ្រោយនៅឡើយ។នៅពេលអនាគត រាជរដ្ឋាភិបាល នឹងបន្តកសាងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធានាទឹកប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដល់ប្រជាកសិករ ដើម្បីចូលរួមលើកកម្ពស់ទិន្នផលកសិកម្ម និងការដឹកជញ្ជូនកសិផល សំដៅបង្កើនប្រាក់ចំណូលជូនប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើមកសិកម្ម ។

ចំណែកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទូរទស្សន៍អប្សរាថា គិតត្រឹមខែមីនា ឆ្នាំ២០២៥កម្ពុជា មានប្រព័ន្ធធារាសាស្ដ្រចំនួន២.៣៥២ ក្នុងនោះប្រព័ន្ធខ្នាតធំមានចំនួន៥៦ , ខ្នាតមធ្យមមានចំនួន ១.១៦៦ , ខ្នាតតូចមានចំនួន ១.១២២ និងអាងទឹកខ្នាតធំមានចំនួន៨ ដែលបង្កើនលទ្ធភាពស្រោចស្រព លើផ្ទៃដី​ចំនួន១.៩៦៩ .៨៤៣ហិកតា (១លាន៩សែន៦ម៉ឺន៩ពាន់៨៤៣ហិកតា) ។

រដ្ឋមន្រ្តីក្រសួងធនធានទឹកបញ្ជាក់ថា ការកសាង ជួសជុល ស្ដារឡើងវិញនូវអាងទឹក ការធ្វើទំនើបកម្ម និងសាងសង់ថ្មី នូវប្រព័ន្ធធារាសាស្ត្រ វានឹងអាច​ជួយ​កាត់​បន្ថយគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយទឹក និងធានា​ដល់​សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹក​សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករ ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner