វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល” ត្រូវបានបិទបញ្ចប់

ព្រះសីហនុ៖វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាល​ត្រូវបាន​បិទបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅនេះ​ក្រោមអធិបតីភាព​ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.)

បង្ហាញនូវក្តីរីករាយចំពោះលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្ពុជាមានបំណង​កាត់បន្ថយការប្រើប្រាស់ក្រដាស (Paperless Framework) ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដើម្បី​សម្រេចគោលដៅនេះ យើងចាំបាច់ត្រូវពាំនាំការជឿទុកចិត្តនេះទៅពិភពឌីជីថល ក្នុងន័យនេះ ក.ប.ទ. បានខិតខំ​អភិវឌ្ឍ​ថ្នាលឌីជីថលដែលអាចកាត់បន្ថយការប្រើប្រាស់ក្រដាសប្រកប ដោយភាពជឿទុកចិត្ត ចំនួន ២ គឺ ថ្នាលផ្ទៀង​ផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ Verify.gov និងថ្នាលផ្ទុកឯកសារសាធារណៈ Go.gov.kh ហើយក្នុងពេលខាង​មុខក្រសួង​គ្រោងនឹងគោរពសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលមួយទៀតគឺហត្ថលេខាឌីជីថល (Digital Signature)។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ថ្នាល verify ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានប្រើប្រាស់នៅក្នុង​ប្រទេស​អាស៊ានមួយចំនួន ក្នុងនោះហ្វីលីពីន បានរៀនសូត្រពីថ្នាលនេះ ដើម្បីអភិវឌ្ឍថ្នាល verify ដូចនឹងកម្ពុជា ដោយ​បានដាក់ឱ្យប្រើប្រាស់លើអត្តសញ្ញាណបណ្ណឌីជីថលបានចំនួនជាង ៩០លានបណ្ណ ហើយត្រូវបានប្រតិបត្តិការ​ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរហូតដល់ជាង ១៦៤ លានដង ក្នុងរយៈពេលដ៏ខ្លី។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើមានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័ន HEC Paris វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងមានវត្តមានឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្រ្តីក្រសួងបច្ចេក​វិទ្យាគមនាគមន៍​និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន នៅសណ្ឋាគារសុខាឆ្នេរសុខា ខេត្តព្រះសីហនុ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner