វេណេស៊ុយអេឡាបញ្ជាកងទ័ពប្រុងជើងការត្រៀមខ្លួនទប់ទល់អាមេរិក

ការ៉ាកាស់ ៖ មេដឹកនាំវេណេស៊ុយអេឡាបញ្ជាឱ្យកងទ័ពប្រុងជើងការជាអចិន្ត្រៃយ៍ និងចល័តទ័ពនៅតំបន់ភាគខាងកើតប្រទេស ដើម្បីត្រៀមខ្លួនឆ្លើយតបការបង្កហេតុណាមួយ ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកជាមួយទ្រីនីដាដ និងតូបាហ្គោ នៅក្នុងតំបន់ការីប៊ីន។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃសៅរ៍ថា ជាថ្មីម្តងទៀត លោកសូមអំពាវនាវដល់ប្រជាជនទាំងអស់នៃរដ្ឋភាគខាងកើត រក្សាការរួបរួមគ្នាឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាជន ពិសេសកងកម្លាំងយោធា និងប៉ូលិសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។

លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានចាត់ទុកការអំពាវនាវជាថ្មីនេះថា ជាការណែនាំដល់គ្រប់វិស័យក្នុងសង្គម និងនយោបាយឲ្យមានការប្រុងប្រយ័ត្នចំពោះការ
ញុះញង់។

ការអត្ថាធិប្បាយបែបនេះរបស់លោក ម៉ាឌូរ៉ូ កើតឡើងបន្ទាប់ពីទ្រីនីដាដ និងតូបាហ្គោ ប្រកាសធ្វើសមយុទ្ធយោធាថ្មីមួយជាមួយសហរដ្ឋអាមេរិក ដោយប្រើប្រាស់ដែនទឹកប្រទេសរបស់ខ្លួននៅឆ្នេរសមុទ្រនៃរដ្ឋ Sucre។លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានរិះគន់សមយុទ្ធនេះថា ជាការប៉ុនប៉ងគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងជាការឈ្លានពាន។

យ៉ាងណាមិញ ទ្រីនីដាដ និងតូបាហ្គោ បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួននឹងនៅតែបន្តធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក ដោយផ្តោតសំខាន់ក្នុងការដាក់ពង្រាយកងកម្លាំងនៅតំបន់ការ៉ាប៊ីន ហើយនេះជាសមយុទ្ធយោធាលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner