វិស័យឯកជនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារក្នុងការជួយស្វែងការងារជូនពលករ
បាត់ដំបង៖ពិព័រណ៍ការងារមួយបានរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយនាំយកឱកាសការងារជាង១,១ម៉ឺនកន្លែងជូនដល់ពលរដ្ឋ ក៏ដូចជាពលករខ្មែរដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ធ្វើការសម្ភាសជ្រើសរើសដោយផ្ទាល់។
អ្នកស្រី ចាន់ វាសនា តំណាងរោងចក្រកាត់ដេរបូវឃើរបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងពិព័រណ៍ការងារ ។អ្នកស្រីយល់ថា នេះជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារក្នុងការជួយស្វែងការងារឱ្យបងប្អូនអតីតពលករខ្មែរ។ អ្នកស្រី បន្ថែមថា រោងចក្រកាត់ដេរបូវឃើរមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល កំពុងមានតម្រូវការកម្មករប្រមាណ ១ ០០០នាក់។ បងប្អូនទោះជាចេះដេរ ឬមិនចេះដេរក៏ដោយ ក៏អាចចូលធ្វើការបានដែរ ដោយសាររោងចក្រមានក្រុមការងារបង្រៀនបន្ថែមមុនចូលធ្វើការងារ។
ទាក់ទងនឹងរោងចក្រដដែល អ្នកស្រី ចាន់ វាសនា បានប្រាប់ថា កម្មវិធីថ្ងៃនេះមានជាប្រភេទរោងចក្រកាត់ដេរ ប្រភេទសំណង់ កសិកម្ម ។ដូចនេះបងប្អូនដែលស្រឡាញ់វិស័យកាត់ដេរ អាចទាក់ទងខាងរោងចក្រកាត់ដេរ ។បើចាប់អារម្មណ៍ខាងសំណង់ អាចទាក់ទងក្រុមការងារខាងសំណង់ ។ បើចាប់អារម្មណ៍ខាងកសិកម្ម ក៏យើងមានក្រុមការងារខាងកសិកម្ម អាចទាក់ទងទទួលបានឱកាសការងារធ្វើ។
ចំណែកឯលោក ភេន សុផល តំណាងក្រុមហ៊ុន គីម ម៉ិច ដែលជាក្រុមហ៊ុនផ្នែកសំណង់ បាននិយាយថា ក្រុមហ៊ុន មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ក្រុមហ៊ុនមានតម្រូវការកម្មករជាច្រើននាក់ រាប់ចាប់តាំងពីកម្មករធម្មតា មេក្រុម និងមេជាងជាដើម។ លោកថាក្រុមហ៊ុនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយស្វែងរកការងារឱ្យបងប្អូនអតីពលករ។
លោក ភេន សុផល បន្ថែមថា ល្អណាស់ដែលក្រសួងការងារបានរៀបចំកម្មវិធីមកដល់ស្រុក ។មានន័យថា មកដល់ផ្ទះបងប្អូនហើយ ។ប្រសិនបើមិនទាន់មានការងារធ្វើទេ អាចទាក់ទងទៅក្រសួងការងារ ជាពិសសទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ
តំណាងក្រុមហ៊ុន គីម ម៉ិច រូបនេះ ក៏បានអរគុណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារនេះឡើង ដែលផ្ដល់ភាពងាយស្រួលដល់បងប្អូនអតីតពលករដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការស្វែងរកបុគ្គលិក និងកម្មករផងដែរ៕





ដោយ៖ង៉ាន ទិត្យ