បារាំង និងអ៊ុយក្រែនចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងជាប្រវត្តិសាស្រ្ត
ប៉ារីស ៖ មេដឹកនាំបារាំង និងអ៊ុយក្រែន ក្នុងថ្ងៃចន្ទ បានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយរវាងប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង Rafale រហូតដល់ ១០០គ្រឿង និងប្រព័ន្ធការពារដែនអាកាស បូករួមទាំងគ្រឿងសព្វាវុធពាក់ព័ន្ធផ្សេងៗទៀត សំដៅជំរុញសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់អ៊ុយក្រែនប្រឆាំងការលុកលុយរបស់រុស្ស៊ី។
Rafale គឺជាយន្តហោះចម្បាំងទំនើបបំផុតរបស់បារាំង និងជាយន្តហោះចម្បាំងបំពាក់បច្ចេកវិទ្យាទំនើបៗ និងពហុមុខងារ ពិសេសវាមានភាពបត់បែន និងប្រសិទ្ធភាពខ្ពស់។ បារាំងបានដាក់ពង្រាយយន្តហោះចម្បាំង Rafale ក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស រួមមានទាំងនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយវាមានតម្លៃប៉ាន់ស្មានជិត ១០០លានដុល្លារក្នុងមួយគ្រឿង។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរកិច្ចព្រមព្រៀងនេះថា ជា “ប្រវត្តិសាស្រ្ត” និងជាកិច្ចព្រមព្រៀងយុទ្ធសាស្រ្តរយៈពេល ១០ឆ្នាំ ក្រោយស៊ីញ៉េលើឯកសារទិញលក់យន្តហោះចម្បាំង Rafale ជាមួយសមភាគីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង នៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែងក្បែរទីក្រុងប៉ារីស។
បើតាមលោកប្រធានាធិបតី ម៉ាក្រុង, កិច្ចព្រមព្រៀងនេះ គឺជាការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែនឡើងវិញ និងថា រូបលោកចង់ជួយអ៊ុយក្រែនទៅតាមតម្រូវការ ដើម្បីត្រៀមខ្លួនប្រយុទ្ធក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។ យ៉ាងណាមិញ ភាគីទាំងពីរមិនទម្លាយឱ្យដឹងអំពីតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមការគ្រោងទុកនោះ បារាំងនឹងបញ្ចប់ការចែកចាយយន្តហោះចម្បាំង Rafale F4 ដល់អ៊ុយក្រែននៅឆ្នាំ ២០៣៥ខាងមុខ។ ក្រៅពីទិញយន្តហោះចម្បាំង Rafale របស់បារាំង, កាលពីខែមុន មេដឹកនាំអ៊ុយក្រែនក៏បានបញ្ជាទិញយន្តហោះចម្បាំងស៊ុយអែត Gripen ចន្លោះពី ១០០ ទៅ ១៥០គ្រឿងផងដែរ៕
ប្រភព ៖ AFP និង BBC ប្រែសម្រួល ៖ ឈឹម ទីណា


