សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភដ៏សាហាវយង់ឃ្នងលើពលករស្ត្រីខ្មែរ ដោយទាហានឈុតខ្មៅសៀម

សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់ រួមមាន៖ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង​ សមាគមខ្មែរ-អូស្ត្រា​លី នៃរដ្ឋឃ្វីនស្កែនដ៍​ សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្វីងតុន​ សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា​ សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី​ នងសមាគមខ្មែរ ញូហ្សេលែន​ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងទទូចទាមទារឱ្យមានយុត្តិធម៌ពេញលេញចំពោះអំពើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃដែលប្រព្រឹត្តឡើងដោយទាហានឈុតខ្មៅសៀម៧នាក់។

សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់​ ថ្កោលទោស និងបរិហារនូវអំពើចាប់រំលោភជាក្រុមយ៉ាងសាហាវឃោរឃៅលើពលករស្ត្រីខ្មែរម្នាក់ នៅតាម បណ្តោយតំបន់ព្រំដែនកម្ពុជា-ថៃ ដែលទង្វើនេះបានបង្ហាញឱ្យឃើញពីការបំពានយ៉ាងធ្ងន់ធ្ងរទៅលើ សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និង សុវត្ថិភាពរបស់ស្ត្រីខ្មែរម្នាក់ ដែលជាអំពើមិនអាចលើកលែងបាន និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏អាម៉ាស់បំផុតសម្រាប់ជាតិ សាសន៍ថៃ។ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅសៀម ៧ នាក់ ដែលបានប្រើប្រាស់តួនាទី និង អំណាចរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើថោកទាប ប៉ះពាល់ដល់កិត្តិយសជាតិខ្មែរ និងបំផ្លាញអនាគតរបស់ជនរងគ្រោះ ដែលអំពើនេះ ប្រសិនបើត្រូវបានព្រងើយកន្តើយនោះបង្ហាញពីការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំយោធាថៃក្នុងការធានាសុវត្ថិភាពដល់ពលករឆ្លងដែន។

សមាគមពលរដ្ឋខ្មែរទាំង៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវែល- ហ្សេឡង់​ ទាមទារជាបន្ទាន់ទៅកាន់រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ឱ្យចាត់វិធានការភ្លាមៗ និងម៉ឺងម៉ាត់ ដោយបើកការ ស៊ើបអង្កេតដោយតម្លាភាព និងឈានដល់ការចាប់ខ្លួនជនប្រព្រឹត្តទាំង៧នាក់នោះ មកផ្តន្ទាទោសតាមច្បាប់ជាធរមានដោយគ្មានការយោគយល់ ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌ពេញលេញ ការការពារ សន្តិសុខ និងសំណងសមរម្យសម្រាប់ការព្យាបាល ផ្លូវកាយ និងផ្លូវចិត្តដែលបានបាត់បង់ រួមទាំងត្រូវចាត់វិធានការវិន័យ និងផ្លូវច្បាប់ជាអតិបរមាទៅលើអង្គភាព ឬមេបញ្ជាការដែលពាក់ព័ន្ធ ឬធ្វេសប្រហែសបណ្តាលឱ្យមានការកើតឡើងនូវរឿងហេតុនេះ។

ជាមួយគ្នានេះ សូមអំពាវនាវដល់ សហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ទាំងអស់ ជួយតាមដាន និងដាក់សម្ពាធលើករណីនេះ ដើម្បីធានាថា ឧក្រិដ្ឋជនទាំងនេះនឹងមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ៕
ដោយ៖ពលជ័យ

ads banner