ក្រសួងសុខាភិបាលនៅតែព្រួយបារម្ភចំពោះករណីឆ្លងមេរោគអេដស៍ថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅតែព្រួយបារម្ភចំពោះករណីឆ្លងមេរោគអេដស៍ថ្មី ដែលនៅមិនទាន់ឃើញសញ្ញាថមថយ ។ នេះជាការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្នុងការអនុវត្ត គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមាន ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ ។ លោកជំទាវ ថា នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ ៦លានដុល្លារ ក្នុងការទិញឱសថ និងបរិក្ខារ ។ នៅដើមឆ្នាំ ២០២៥ ថវិកា ជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ ប៉ុន្តែសង្ឃឹមថា នៅជុំទី៨ មូលនិធិសកល នៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង ។ ចំណែកឯការឆ្លង ពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះ អត្រាឆ្លងបានថយពី១៥% មក ៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន   ៩២-១០០-៩៨ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជា ទទួលបានកេរ្តិ៍ឈ្មោះ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនេះ ឯកឧត្តម ស្នើក្រសួងសុខាភិបាល ពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជន ដើម្បីជំរុញគោលដៅ ៩៥ ទី១ និងការបន្ថយតអត្រាចម្លងមេរោគអេដស៍ពីមាតា ទៅទារក ឱ្យធ្លាក់ចុះទាបបន្ថែមទៀត ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំជូនឯកឧត្តម ទា ផល្លា ធ្វើការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការពិនិត្យឡើងវិញក្នុងការត្រៀមខ្លួនរួចជាស្រេច នៅដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវ សម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញរបស់ដៃគូអភិវឌ្ឍ ៕
ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner