កម្ពុជាស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)នៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះបានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែល មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។គណៈកម្មាធិការនេះក៏ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ។

អាន៖សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃនេះគឺបន្ទាប់ពីមានករណីប្រើអំពើហិ​ង្សានិង​រំលោភសេពសន្ថវៈ(រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រីមួយនាក់​នៅក្នុង​ខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងចាត់ទុកការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។

តាមរយៈសេចក្តីថ្លែងការណ៍ដដែល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធាន​ការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជន​រងគ្រោះ។កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។

គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានសង្កត់ធ្ងន់ថា ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យ​ទាន់​ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់​ទម្លាប់​ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។

សូមជម្រាបថា បន្ទាប់ពីកើតឡើងនូវសកម្មភាពដ៏យង់ឃ្នងបង្កដោយយោធាថៃលើយុវតីខ្មែររួចមក រលកនៃការថ្កោល​ទោសទាមទារយុត្តិធម៌ជូនជនរងគ្រោះបានទាំងក្នុងនិងក្រៅប្រទេសបានផ្ទុះឡើងជាបន្តបន្ទាប់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner