កូរ៉េខាងត្បូងចង់ចរចាជៀសវាងប៉ះទង្គិចគ្នាផ្នែកយោធាជាមួយកូរ៉េខាងជើង
សេអ៊ូល ៖ កូរ៉េខាងត្បូងស្នើចរចាផ្នែកយោធាជាមួយកូរ៉េខាងជើងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីគូសបញ្ជាក់ពីខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ឱ្យច្បាស់លាស់ និងកាត់បន្ថយហានិភ័យផ្ទុះជម្លោះប្រដាប់អាវុធដោយចៃដន្យរវាងបងប្អូនកូរ៉េទាំងពីរ។
ដោយសារតែខ្សែទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរត្រូវបានកាត់ផ្តាច់ ដូច្នេះសំណើកិច្ចចរចានេះ នឹងត្រូវបានផ្តល់ជូនតាមរយៈបញ្ជាការអង្គការសហប្រជាជាតិ។ មូលហេតុដែលកូរ៉េខាងត្បូងស្នើឱ្យមានការចរចាបែបនេះ គឺដោយសារតែបង្គោលព្រំដែនជាច្រើនដែលដាក់បន្ទាប់ពីសង្គ្រាមកូរ៉េឥឡូវនេះបានបាត់ទៅហើយធ្វើឱ្យវាពិបាកសម្រាប់ភាគីទាំងពីរក្នុងការដឹងពីព្រំដែនពិតប្រាកដ។
ប្រទេសកូរ៉េទាំងពីរបានព្យាយាមជួសជុលបង្គោលទាំងនោះនៅឆ្នាំ ១៩៧៣ ប៉ុន្តែការងារនេះបានបញ្ឈប់ បន្ទាប់ពីទាហានកូរ៉េខាងជើងបានបាញ់ទៅលើក្រុមអង្គការសហប្រជាជាតិដែលកំពុងធ្វើការជួសជុលនៅពេលនោះ។
អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Hong-cheol និយាយថា កិច្ចចរចានេះគឺជារឿងចាំបាច់ ចំពេលកើនឡើងនៃសកម្មភាពកូរ៉េខាងជើងនៅជិតតំបន់គ្មានយោធា (DMZ) រួមទាំងការឈ្លានពានព្រំដែនម្តងហើយម្តងទៀត ការដាក់មីន និងដាក់របាំងថ្មី។
បើតាមការលើកឡើងរបស់ទីក្រុងសេអ៊ូល, ទាហានកូរ៉េខាងជើងបានឆ្លងកាត់ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងច្រើនជាង១០ដងនៅឆ្នាំនេះ ច្រើនជាងចំនួនសរុបក្នុងឆ្នាំ ២០២៤ទៅទៀត ដែលជំរុញឱ្យកងទ័ពកូរ៉េខាងត្បូងចេញការព្រមាន និងបាញ់ព្រមាន។
ទោះបីជាការប៉ះទង្គិចគ្នាយ៉ាងសាហាវបានកើតឡើងម្តងម្កាលក្នុងរយៈពេលជាច្រើនទស្សវត្ស ចាប់តាំងពីការប្រយុទ្ធបើកចំហបានបញ្ឈប់ បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់ប្រកបដោយប្រសិទ្ធភាពក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ក៏ដោយ តែទីក្រុងសេអ៊ូលនិយាយថា មានការកើនឡើងសកម្មភាព និងការលុកលុយរបស់កូរ៉េខាងជើងនៅជុំវិញខ្សែបន្ទាត់ព្រំដែនយោធា៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
