ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងមហាផ្ទៃ ផ្សព្វ​ផ្សាយ​គោលនយោបាយភូមិឃុំសង្កាត់​មានសុវត្ថិ​ភាព ធានាបាននូវការរស់នៅប្រកបដោយភាពសុខ​សាន្ត​ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មាន​អំពើ​ហិង្សា គ្មានគ្រឿងញៀន គ្មានការលេងល្បែងស៊ីសង​ខុសច្បាប់ មានសណ្ដាប់ធ្នាប់របៀបរៀបរយ និងធានា​បាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បានសហការជាមួយក្រសួង​មហាផ្ទៃ រៀបចំផ្សព្វផ្សាយគោលនយោបាយ​ភូមិឃុំ​សង្កាត់​មានសុវត្ថិភាព ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់​មានសុវត្ថិភាព នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទី​ស្តី​ការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ក្រុមការងារ​ក្រសួង​មហាផ្ទៃ ដែលបានសហការរៀបចំពិធីនេះឡើង និងបានបញ្ជាក់ថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកិច្ចការស្នូល ឬជាមុខងារសាធារណៈកម្រិតមជ្ឈិម សម្រាប់ឱ្យគ្រប់បណ្ដាមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស ឯកភាពគ្នាអនុវត្តកិច្ចការមួយជារួម ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើក​ឡើង​ថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកិច្ច​ការ​សំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀនសូត្រខ្លួន​ឯង​ផង និងដកស្រង់បទពិសោធន៍ខ្លួនឯងផង ហើយសម្រាប់​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ត្រូវជួយតម្រង់​ទិសលើកិច្ចការនេះដល់អាជ្ញាធរ និងក្រុមការងារថ្នាក់​មូលដ្ឋាននីមួយៗផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើក​ឡើង​​នូវគោលគំនិតមួយចំនួន ដើម្បីពិចារណាបន្ថែម​លើ​គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយ​ផ្សារ​ភ្ជាប់ទៅនឹងតំបន់ឆ្នេរ គឺ ទី១: សន្តិភាពនិងស្ថិរភាព​នយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះ​បាន​ក្នុង​ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់​មានសុវត្ថិ​ភាព ហើយកិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព និង​កិច្ច​ការវិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការសំខាន់​ដើម្បី​ឈានសម្រេចបាននូវចក្ខុវិស័យរបស់រាជ​រដ្ឋាភិ​បាល​នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ ទី២: ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានឱ្យបានគ្រប់គ្រាន់​ដោយប្រើប្រាស់យុទ្ធសាស្ត្រធ្វើផ្លូវ ដើម្បីផ្ដល់ជីវិតផ្ដល់​ដង្ហើម​សេដ្ឋកិច្ចនៅក្នុងខេត្តតំបន់ឆ្នេរ ។ ទី៣: ការសាង​សង់ប្រព័ន្ធចែកចាយទឹកស្អាត និងអគ្គិសនី ឱ្យធានាបាន​និរន្តរភាព ដើម្បីបង្កើនសក្តានុពលរោងចក្រ និងទេសចរ​ណ៍​នៅក្នុងខេត្តតំបន់ឆ្នេរ ជាពិសេសខេត្តកំពត និងការ​វិ​និ​យោគលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅកោះរ៉ុង និង​កោះ​រ៉ុ​ងស​ន្លឹម ដើម្បីផ្ដល់ឱ្យសហគមន៍មាន​ការងារធ្វើជា​ដើម ។

បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កិច្ចការភូមិឃុំសង្កាត់មាន​សុវត្ថិភាព គឺត្រូវគិតពីអ្វីដែលជាភាពជាក់ស្ដែង ដោយ​ភ្ជាប់​ជាមួយការជួយកែលម្អជីវភាពប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋានឱ្យប្រសើរឡើងផងដែរ ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner