អាល្លឺម៉ង់គ្រោងបន្តនាំចេញសព្វាវុធទៅឱ្យអ៊ីស្រាអែល

ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់មានគម្រោងដកបម្រាមហាមឃាត់លក់គ្រឿងសព្វាវុធយោធាមួយចំនួនទៅឱ្យអ៊ីស្រាអែល គិតចាប់ពីសប្តាហ៍ក្រោយនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា កាលពីខែតុលា។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូបសុំមិនបញ្ចេញឈ្មោះនិយាយថា ការសម្រេចចិត្តបែបនេះរបស់អាល្លឺម៉ង់ ធ្វើឡើងស្របតាមច្បាប់ទូទៅ និងការពិចារណាឡើងវិញពីមួយករណីទៅមួយករណីទៅលើការនាំចេញសព្វាវុធ និងការឆ្លើយតបចំពោះស្ថានភាពវិវត្តន៍ថ្មីៗ។

ការសម្រេចចិត្តនេះ នឹងអនុញ្ញាតឱ្យអាល្លឺម៉ង់អាចបន្តនាំចេញគ្រឿងសព្វាវុធយោធា ដែលបានផ្អាកកាលពីខែសីហាកន្លងទៅ ហើយចាប់ផ្តើមសាជាថ្មីគិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់នៅតែប្តេជ្ញាចិត្តគាំទ្រសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ ហើយអាល្លឺម៉ង់ក៏នឹងបន្តចូលរួមគាំទ្រដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញផងដែរ។

គួរបញ្ជាក់ថា អាល្លឺម៉ង់គឺជាប្រទេសនាំចេញគ្រឿងសព្វាវុធយោធាធំទីពីរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកនាំចេញអាវុធមួយចំនួនទៅកាន់អ៊ីស្រាអែលកាលពីខែសីហា ចំពេលមានសម្ពាធទាក់ទិននឹងសង្រ្គាមនៅតំបន់ហ្គាហ្សា៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner