វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកវិនិយោគចាប់យកបង្កើតសាលាគុនកាន់តែច្រើន
(ភ្នំពេញ)៖ សាលាកីឡាគុណធម៌ ដែលជាសាលាគុនឯកជនបង្កើតឡើងដំបូងគេនៅកម្ពុជា ត្រូវបានសម្ភោធជាផ្លូវការ ដើម្បីរួមចំណែកផ្តល់នូវចំណេះដឹងផ្នែកក្បាច់គុន ការអប់រំសីលធម៌ និងវិន័យ។
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា នេះជាសាលាកីឡាក្បាច់គុនឯកជនដ៏ធំទី១ នៅកម្ពុជា ហើយក៏ជាគំរូដែលធ្វើឱ្យអ្នកវិនិយោគងាកមកវិនិយោគលើការបង្កើតសាលាកីឡាឱ្យបានតែច្រើន។

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ទៀតថា ការអប់រំខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយដែលអាចឱ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និង ផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា។ ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។ ដូច្នេះនេះជាចំណុចដែលក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឱ្យបានសប្បាយរីករាយផង បាត់ស្ត្រេស មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡាដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។
លោកបណ្ឌិត សេង ប៊ុនសុង នាយកគ្រប់គ្រងសាលាកីឡាគុណធម៌ មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាដំបូង គេមានតែមួយគត់ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលមានកម្មវិធីសិក្សា និង ហ្វឹកហាត់លេងកីឡាពេញម៉ោង និង ពោរពេញដោយជំនាញវិជ្ជាជីវៈកីឡា។

សាលាកីឡាគុណធម៌ មានអភិក្រម បីសំខាន់ គឺ វិន័យ គុណធម៌ និង ការពារខ្លួន ។ គោលដៅចម្បងរបស់សាលាកីឡាគុណធម៌ គឺចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យអប់រំ យុវជន និងកីឡា និង អប់រំសុខុមាលភាពសាធារណៈជូនសង្គមជាតិ តាមរយៈការ អប់រំកុមារ យុវជន ប្រជាពលរដ្ឋ ឱ្យធ្វើសកម្មភាព រាងកាយ សកម្មភាពផ្លូវចិត្ត ដើម្បីទទួលបាន មកវិញនូវគុណភាពជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អបរិបូរណ៍ ឈានទៅជួយកសាងកម្លាំងផលិតភាពសេដ្ឋកិច្ចឱ្យបានខ្លាំងក្លាថែមទៀត។
សូបញ្ជាក់ថា សាលាកីឡាគុណធម៌ បានដំណើរការជាបណ្តើរៗ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បច្ចុប្បន្ន សាលាកីឡាគុណធម៌ មានសិស្សហាត់ក្បាច់គុនចំនួន ៦០នាក់ ដែលមានកម្មវិធីហ្វឹកហាត់ ដូចជា កីឡាគុនល្បុក្កតោ កីឡាគុនខ្មែរ កីឡាតេក្វាន់ដូ កីឡាការ៉ាតេ កីឡាគុនចម្រុះ កីឡារាំ និងលំហាត់ប្រាណសុខភាព ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ