កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល ២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាព នៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងទន្លេសាប ការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះ បានទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD) សហការី និងតំណាង GGGI ។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ដិតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្វាគមន៍ដល់ការបង្កើតមូលនិធិ សម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD) នេះផងដែរ។
លោកស្រី Mathilde Laurans បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបានចាត់មន្ត្រីបង្គោលរបស់កម្ពុជាសម្រាប់ទទួលបន្ទុក និងស្វាគមន៍នូវគំនិតផ្តួចផ្តើមសម្រាប់ការទទួលបានមូលនីធិ FRLD ដែលនឹងផ្តល់នូវជំនួយបច្ចេកទេសសម្រាប់ការរៀបចំ និង ការប្រកាសចាប់ផ្តើមទទួលសំណើរសុំមានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥តទៅ ៕




ដោយ ៖ ម៉ាដេប៉ូ