ក្រសួងការងារនឹងបើកពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាស​ការងារ​រាប់ម៉ឺនកន្លែងជូនអតីតពលករមកពីថៃនៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ រាប់ម៉ឺនកន្លែងសម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ នៅខេត្តបន្ទាយ​មាន​ជ័យ រយៈពេល២ថ្ងៃនាចុងសប្តាហ៍នេះ នៅថ្ងៃទី​២២ និងទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រយៈ​ពេល ២ថ្ងៃនៃពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ័យ អ្នកចូល​រួម​អាចដាក់ពាក្យ និងសម្ភាស​ការងារភ្លាមៗដោយផ្ទាល់​នៅទីតាំងចំនួន២គឺ៖ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបូរី និង នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលា​ស្រុក​ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

ប្រភពដដែលបានឱ្យដឹងទៀតថា បងប្អូនពលករដែល​ត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ ដែលទៅចូលរួម ពិព័រណ៍នេះ នឹងទទួល​បានការដឹកជញ្ជូនចូលរួមកម្មវិធី​ដោយឥត​គិតថ្លៃ អាវ​យឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងទទួល​បានការកាត់សក់ពីជាងជំនាញដោយ​ឥត​គិត​ថ្លៃផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ប្រព័ន្ធ​ទូរសព្ទ Hotline លេខ ១២៩៧ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner