រដ្ឋសមាជិកណាតូបង្ហាញសាច់ដុំទ្រង់ទ្រាយធំកម្លារុស្ស៊ី
ហែលស៊ិនគី ៖ ប្រទេសហ្វាំងឡង់បានសម្ញែងសាច់ដុំ តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ់ធំមិនធ្លាប់មាន ដែលស្ថិតនៅទីតាំងមានចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសរុស្ស៊ី។ នេះបើតាមកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF) ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗ។
ហ្វាំងឡង់ដែលជារដ្ឋសមាជិកអង្គការណាតូ បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំមានឈ្មោះថា “Northern Strike 225” ក្នុងរយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមដំណើរការពីថ្ងៃចន្ទម្សិលមិញ ក្នុងគោលបំណងហ្វឹកហាត់វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយនៅភាគឦសាននៃប្រទេស។
សមយុទ្ធខ្នាតធំនេះ មានការចូលរួមពីកងពលតូចហ្វាំងឡង់ចំនួន៣ក្រុម រួមទាំងឆ្មាំការពារព្រំដែន និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែតចម្រុះរបស់ប៉ូឡូញ ក៏ដូចជាកងទ័ពសរុបមានចំនួន ២,២០០នាក់ និងយានជំនិះយោធាប្រមាណ ៥០០គ្រឿង។
បើតាមកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF), ល្បែងសង្គ្រាមនេះ ធ្វើឡើងក្នុងគោលបំណងហាត់សមប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ និងជំរុញលើកកម្ពស់សមត្ថភាពប្រយុទ្ធក្រោមលក្ខខណ្ឌរដូវរងា ពិសេសធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការគ្នារវាងកងកម្លាំងមកពីអង្គភាពផ្សេងៗគ្នា។
មេបញ្ជាការដឹកនាំល្បែងសង្គ្រាមនេះ គឺលោកវរសេនីយ៍ទោ គីមម៉ូ រូតសាឡេនិន បានចាត់ទុក “Northern Strike 225” ជាសមយុទ្ធហាត់សមបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ដ៏សំខាន់បំផុត ដើម្បីវាយតម្លៃពីជំនាញបាញ់នៃកងអង្គភាពនានា។
យោងតាមប្រភពពីយោធា, នៅចុងឆ្នាំនេះ ហ្វាំងឡង់គ្រោងធ្វើសមយុទ្ធខ្នាតយក្សមួយទៀត ដោយមានការប្រមូលផ្តុំពីកងទ័ពប្រហែល ២០,០០០នាក់មកពីកងទាហាន កងទ័ពជើងទឹក និងកងទ័ពអាកាសមកពីទូទាំងប្រទេស ក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ។
គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ីប្រវែង ១,៣៤០គីឡូម៉ែត្រ បានបោះបង់ចោលគោលនយោបាយអព្យាក្រឹត្យភាពយូរអង្វែងរបស់ខ្លួន ចូលរួមជារដ្ឋសមាជិកអង្គការណាតូកាលពីខែមេសា ឆ្នាំ២០២៣ ស្ថិតក្រោមហេតុផលព្រួយបារម្ភពីសន្តិសុខ ខ្លាចរុស្ស៊ីចូលលុកលុយដូចសង្គ្រាមនៅអ៊ុយក្រែនដែរ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា