រួមគ្នារៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយ-បណ្តុះបណ្តាលគុនខ្មែរ ដោយសម្លឹងទៅរកឆាកអន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្សារទំនើបអ៊ីអនម៉លមានជ័យ និងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី បានរួមគ្នារៀបចំ​មជ្ឈ​មណ្ឌលផ្សព្វផ្សាយ និងបណ្តុះបណ្តាលគុនខ្មែរ ទំហំ៥០០ម៉ែត្រការ៉េ នៅផ្សារអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។

ការរៀបចំមជ្ឈមណ្ឌលនេះឡើងក្នុងបំណងដើម្បីបន្តជួយការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈ​ក្បាច់​គុនជាតិកាន់តែប្រសើរបន្ថែម។លើសពីនេះគឺសម្លឹងទៅរកការប្រកួតនៅកម្រិតអន្តរជាតិ។នេះគឺការបញ្ជាក់របស់​​​ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។

សំដៅទៅលើអនុស្សរណៈដែលទើបនឹងចុះហត្ថលេខា ឯកឧត្តម ខូវ ឆាយ បានអធិប្បាយថា​ភាពជាដៃគូនេះមិន​ត្រឹមតែជា​និមិត្តរូបនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទស្សនៈវិស័យ ដើម្បីលើកកម្ពស់ដល់វិស័យកីឡាប្រដាល់​គុនខ្មែរ​ឆ្ពោះទៅលើឆាកអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងប្រើប្រាស់ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍ​អត្តពលិក និងការចូលរួមរបស់សាធារណជន ដោយអាចមកចូលរួមសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រនៅទីនេះបាន។
មជ្ឈមណ្ឌលនឹងអនុញ្ញាតឱ្យប្រជាជនខ្មែរ និងភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍បានស្រាវស្រាវ​ពីប្រវត្តិសាស្ត្រ​នៃក្បាច់​គុនខ្មែរ ក្រោមការផ្តល់ទីទាំងពីផ្សារទំនើបអ៊ីអនម៉លមានជ័យ និងការឧត្ថម្ភទាំងស្រុងពីក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ។ការ​ឧបត្ថម្ភ​គាំទ្រទាំងអស់នេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួបរួមគ្នាជ្រោងដល់ការអភិវឌ្ឍជំនាញកីឡាអត្តសញ្ញាណជាតិខ្មែរ​មួយនេះ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា អនុស្សរណៈយោគយល់គ្នាត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ កញ្ញា ឡុង ស៊ីណេត ប្រធាន​នាយកដ្ឋានទីផ្សារតំណាងអ្នកឧកញ៉ា សំអាង វឌ្ឍន: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោក ហ្វូមីហ៊ីកូ​អ៊ីដូ​(FUMIHIKO ENDO) អគ្គនាយកក្រុមហ៊ុនផ្សារទំនើបអ៊ីអនម៉ល ក្រោមការសាទរពីថ្នាក់ដឹកនាំ គណៈកម្មាធិការ​ប្រតិបត្តិសហព័ន្ធ មន្ត្រីបច្ចេកទេសគ្រូបង្វឹក កីឡាករ-កីឡាការិនីយ៉ាងច្រើនកុះករ៕
រូបភាព៖ ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner