សត្វឆ្មាដាវដ៏ស្រស់ស្អាតនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ កំពុងទាក់ទាញអ្នកចូលទស្សនា
ភ្នំពេញ៖ ឆ្មាដាវ (Prionailurus bengalensis) គឺជាឆ្មាព្រៃមួយក្នុងចំណោមសត្វឆ្មាព្រៃទាំងប្រាំពីរប្រភេទរបស់កម្ពុជា និងជាសត្វតំណាងឱ្យប្រភេទសត្វដ៏មានតម្លៃនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះផងដែរ (ACCB) ខណៈមានតែមួយក្បាលគត់។

យើងសូមពណ៌នាបន្តិចអំពីសត្វឆ្មាព្រៃដ៏ស្រស់ស្អាតឬឆ្មាដាវ។ឆ្មាដាវ មានរោមពណ៌ក្រឡេក្រឡា ,មានស្នាមខ្មៅឆ្នូតនិងក្រមៅអុចៗដូចសម្បុររបស់សត្វខ្លារខិន។ ជាសត្វទោល និងជាសត្វរាត្រីចរដែលប្រមាញ់នៅពេលយប់។
មន្រ្តីនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB)បានឱ្យដឹងថា បើចង់ទស្សនាឆ្មាដាវនៅមជ្ឈមណ្ឌលគួរអញ្ជើញមកនៅម៉ោង៩ ព្រឹក ឬម៉ោង ១កន្លះរសៀល ។ពេលវេលានេះឆ្មាដាវវាដេកយ៉ាងសុខស្រួលនៅក្នុងកន្ត្រក ឬរន្ធដើមឈើ តាមធម្មតាដូចវានៅក្នុងព្រៃដែរ ដែលអានឱ្យយើងមើលវាបានច្បាស់និងយូរ។
មន្រ្តីដដែលបន្ថែមថា ឆ្មាដាវវាដេកពេលថ្ងៃដើម្បីសន្សំថាមពលទាំងអស់សម្រាប់ដំណើរផ្សងព្រេងពេលយប់របស់វា។ យើងផ្តល់ជាជម្រកសុវត្ថិភាពដែលជាកន្លែងដែលពួកវាអាចបង្ហាញអាកប្បកិរិយាធម្មជាតិរបស់ពួកវាដោយគ្មានការរំខានពីមនុស្ស សមស្របសម្រាប់ប្រភេទសត្វដែលខ្មាស់អៀន និងអាថ៌កំបាំង។
គួរបញ្ជាក់ថា ឆ្មាព្រៃតូចៗទាំងនេះមានទំហំប៉ុនឆ្មាស្រុក។វារស់នៅទូទាំងអាស៊ីខាងត្បូង និងខាងកើត។ ឆ្មាដាវត្រូវបានចាត់ថ្នាក់ថា មានការព្រួយបារម្ភព្រោះវាមានតិចតួចបំផុតនៅទូទាំងពិភពលោក ។ពួកវាត្រូវបានការពារដោយច្បាប់នៅក្នុងប្រទេសជាច្រើនដោយសារតែការគំរាមកំហែងពីការបាត់បង់ទីជម្រក ការជាប់អន្ទាក់ និងការបរបាញ់ព្រោះតែចង់បានរោមដ៏ស្រស់ស្អាតរបស់ពួកវា។
ដោយឡែកនៅកម្ពុជាសត្វកម្រទាំងនេះបានប្រឈមនឹងការគម្រាមកំហែងដោយការជួញដូរសត្វចិញ្ចឹមខុសច្បាប់ ហើយជារឿយៗកសិករចោទប្រកាន់និងសម្លាប់នៅពេលពួកគេបាត់មាន់។កសិករគិតថា ឆ្មាដាវវាស៊ីមាន់ជាអាហារ ។តាមការពិត ឆ្មាដាវ ជាសត្វដែលប្រមាញ់ថនិកសត្វតូចៗដូចជា សត្វកណ្ដុរ សត្វកន្លាត និងទន្សាយជាជាងសត្វបក្សី។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានចាត់ទុក សត្វឆ្មាដាវដែលមានវត្តមាននៅមជ្ឈមណ្ឌលរបស់ខ្លួន បានដើរតួជាតំណាងឱ្យឆ្មាដាវដទៃទៀត ក្នុងការផ្តល់ដល់អ្នកទស្សនាឱ្យយល់ពីបញ្ហាប្រឈមពួករបស់ពួកវា និងសារៈសំខាន់នៃការការពារសត្វព្រៃមួយប្រភេទនេះដែលមាននៅកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ
