លោក ត្រាំ ថា ផែនការអាមេរិកនៅតំបន់ហ្គាហ្សា នឹងនាំពិភពលោកទៅរកសន្តិភាព
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា ផែនការសន្តិភាពដែលដាក់ចេញដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្គាហ្សា នឹងនាំពិភពលោកឆ្ពោះទៅរកសន្តិភាពថែមមួយកម្រិតទៀត ។
បើតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social, លោក Trump និយាយថា សូមអបអរសាទរដល់ពិភពលោកចំពោះការបោះឆ្នោតដ៏អស្ចារ្យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការទទួលស្គាល់ និងគាំទ្រក្រុមប្រឹក្សាសន្តិភាព ដែលរួមមានក្រុមមេដឹកនាំមហាអំណាចបំផុតនៅទូទាំងពិភពលោក ។
ការប្រកាសរបស់លោក Trump ធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាងដំណោះស្រាយរបស់អាមេរិក ក្នុងការបង្កើតប្រធានក្រុមប្រឹក្សាសន្តិភាព និងកងកម្លាំងស្ថេរភាពអន្តរជាតិ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ដំណោះស្រាយនេះបានចែងថា វត្តមានរបស់ក្រុមប្រឹក្សាសន្តិភាព និងកងកម្លាំងស្ថេរភាពអន្តរជាតិ នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងទទួលបានការអនុញ្ញាតឲ្យដំណើរការរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ។
បើតាមទីភ្នាក់ងារព័ត៌មាន Anadolu, សេចក្តីព្រាងដំណោះស្រាយនេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ១៣ សំឡេង ខណៈរុស្ស៊ី និងចិន អនុបវាទ ។
កាលពីខែមុន ទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានឯកភាពទទួលយកផែនការសន្តិភាពចំនួន ២០ ចំណុចដែលដាក់ចេញដោយលោក Trump នៅតំបន់ហ្គាហ្សា ក្នុងនោះរួមមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ និងការបង្កើតបទឈប់បាញ់ ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលបានឆាបឆេះអស់រយៈពេល ២ ឆ្នាំមកនេះ ៕
ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា


