ចិនប្រឆាំងដាច់អហង្ការរឿងអាមេរិក លក់គ្រឿងបន្លាស់យន្តហោះចម្បាំងដល់កោះតៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃអង្គារនេះបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការទៅលើសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តលក់គ្រឿងបន្លាស់យន្តហោះចម្បាំង និងសព្វាវុធយោធាទៅឲ្យកោះតៃវ៉ាន់ ។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters, សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបានអនុម័តការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និងយន្តហោះយោធា C-130 ទៅឲ្យកោះតៃវ៉ាន់ នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៣៣០ លានដុល្លារ ។ នេះគឺជាការលក់សព្វាវុធលើកដំបូង ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងអាណត្តិទី ២ ក្នុងខែមករា ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang និយាយថា ប្រទេសចិនខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្កាចំពោះបញ្ហានេះ ហើយក៏នឹងបញ្ជូនអ្នកតំណាងទៅពិភាក្សាជាមួយភាគីអាមេរិកផងដែរ ។

លោក Zhang គូសបញ្ជាក់ថា ការលក់សព្វាវុធនេះបានរំលោភលើគោលនយោបាយចិនតែមួយ និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងចិន ជាពិសេសប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ។

បើតាមអ្នកនាំពាក្យដដែល, ចិនជំរុញឲ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើឆ្គាំឆ្គងរបស់ខ្លួន ក្នុងការលក់សព្វាវុធដល់កោះតៃវ៉ាន់ ដើម្បីបញ្ចៀសការប៉ះទង្គិចដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ជាពិសេសផ្នែកយោធារបស់ចិន និងអាមេរិក ។

លោក Zhang ថែមទាំងចោទប្រកាន់រដ្ឋាភិបាលក្រុងតៃប៉ិ ថាបានបង្ហិនលុយប្រជាជនដែលរកយ៉ាងលំបាកទៅទិញសព្វាវុធឥតប្រយោជន៍ ។ លោកថា រាល់ការប៉ុនប៉ងស្វែងរកឯករាជ្យដោយពឹងផ្អែកពីកម្លាំងខាងក្រៅ ឬក៏រារាំងការបង្រួបបង្រួមដោយប្រើកម្លាំង នឹងត្រូវបរាជ័យ ។

ចិនកំពុងបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដោយដោយចាត់ទុកលោកប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te ជាជនផ្តាច់ខ្លួន ។ ចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែង, ចិនបានដាក់ពង្រាយនាវាយោធា និងឆ្មាំឆ្នេរសមុទ្រជាច្រើននៅជុំវិញកោះតៃវ៉ាន់ ៕

ប្រភព ៖ រ៉យទ័រ ស៊ីនហួរ US NEWS និង A News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner