សហគមន៍ខ្មែរនៅប្រទសជប៉ុន ចេញញត្តិថ្កោល​ទោស ​ទង្វើ​អមនុស្សធម៌ ដែលក្រុមទាហានឈុត​ខ្មៅ​ថៃ បានធ្វើមកលើក្រុមពលករទេសន្តរ​ប្រវសន៍​​​កម្ពុជា

(ភ្នំពេញ)៖ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាំង អស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន ចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ ក្រុម ទាហានឈុតខ្មៅថៃដែលបានធ្វើមកលើ ក្រុម​ពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។

តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរនៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើ​ហិង្សាយ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សាជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។

សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើ​ព្រៃផ្សៃនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្ត​បាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែល​ពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃ​ត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រក​ព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោ​ភាគីពីភាគីថៃ។

ជាមួយគ្នានេះ សហគមន៍ខ្មែរនៅជប៉ុនបានទទូច​ដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការ​អន្តរ​ជាតិខាងការងារ (ILO) អង្គការអន្តរជាតិ​ទេសន្ត​រប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការ​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់​សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោត​ការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន និងជំរុញរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យ​ធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និង​ចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំ​ដៅ​​ធានាឱ្យបាននូវយុត្តិធម៌ និងសិទ្ធិមនុស្ស​ជូន​ជន​រងគ្រោះ ដែលជាពលករទេសន្ត​រប្រវេសន៍​ខ្មែរ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner