សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើម​ប្រ​មូលផលស្រូវនាងអំ តាមកិច្ចសន្យាក្នុងតម្លៃ ៨៥០រៀល

(ភ្នំពេញ)៖ចាប់តាំងពីថ្ងៃ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កសិករសមាជិកនៃ «សហគមន៍​កសិកម្ម​ទំនើបស្រូវនាងអំ» បានចាប់ផ្តើមប្រមូល​ផលស្រូវ​នាងអំរបស់ខ្លួនតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្នុងតម្លៃ៨៥០រៀលក្នុងមួយគីឡូ​ក្រាម។

នាងអំ ជាឈ្មោះអង្ករ មួយប្រភេទ​ដែលមានប្រភព និងបង្កាត់ពូជដាំដុះ ដោយស្ត្រីចំណាស់ម្នាក់ដែល​មាន​ឈ្មោះថា «អំ» នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

តាមការចុះផ្សាយ​របស់​ក្រ​សួង​កសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹង​ពីប្រវត្តិអង្ករនាងអំនេះថា ក្នុងអំឡុងទសវត្សរ៍ទី ៨០ ក្រោយការប្រមូលផល​ស្រូវចម្ការអស់ហើយ នាងអំ ឬយាយអំ បាន​ឃើ​ញ​​ស្រូវ ១ គុម្ពនៅក្បែរចម្ការ ដោយមានគ្រាប់ប្លែក​ពី​ស្រូវដែលបានច្រូតហើយ គាត់ក៏បូតយកគ្រាប់​ស្រូវ​នោះ បានប្រមាណ ១ ទូកដៃ ខ្ចប់នឹង ក្រណា​ត់​តូចយ៉ាងស្អាតយកទៅរក្សាទុក ហើយធ្វើ​ការដាំ​ដុះ​រហូតល្បីល្បាញឈ្មោះដល់សព្វថ្ងៃ។ អង្ករ​នាង​អំ មានក្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់​ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា ។

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេ​សាទ ឯកឧត្តម ឃឹម ហ្វីណង់បានបញ្ជាក់​តាម​បណ្តាញសង្គមឱ្យដឹងថាបើទោះបីជាតម្លៃដែលបានចុះកិច្ចសន្យាសម្រាប់ឆ្នាំនេះទាបជាងតម្លៃដែលទទួលបានកាលពីឆ្នាំ២០២៤ ក៏ដោយ ក៏តម្លៃនេះ​នៅតែខ្ពស់ជាងតម្លៃទីផ្សារស្រូវនាងអំក្រៅសហគមន៍នាពេលបច្ចុប្បន្នដល់ទៅ ២៥០រៀលដដែល។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថាផលិតកម្មតាមកិច្ចសន្យាការពារកសិករជាសមាជិកសហគមន៍ពីហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារបានប្រកបដោយប្រសិទ្ធភាព។

ដោយឡែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម ឱ្យដឹងដែរថា ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺន​ន​តោន ក្នុងតម្លៃ ៩៥០រៀល ក្នុង ១គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា។

ប្រភពខាងលើនេះបានឱ្យដឹងថាយ៉ាងហោចណាស់មានកសិករប្រមាណ ២០០០គ្រួសារ នៅក្នុង​ខេត្តបាត់ដំបង និង បន្ទាយមានជ័យ ដែលជា​សមា​ជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការ​សម្រប​សម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការ​តភ្ជាប់ទីផ្សារនិងការធានាតម្លៃសមរម្យទុកជាមុន។

ជាមួយគ្នានេះកសិករជាសមាជិកទាំងអស់ក៏ទទួលបានការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស និង​ការកាត់បន្ថយចំណាយលើថ្លៃជីថ្នាំផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner