កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

(ភ្នំពេញ)៖ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្ត​ចូល​​​រួម​ចំ​ណែក​ចែករំលែកបទពិសោធន៍ និង​ស្វែងយល់ពីប្រទេស​នានា ដើម្បីពន្លឿនការផ្លាស់​ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និង​បញ្ចេញកាបូនទាប។ យើងអាច​ធានា​ថាប្រព័ន្ធ​ស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះ​នៃ​សកម្មភាព​អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយ​ចីរភាព​។

នេះជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាស​អញ្ជើញ​ថ្លែងសន្ទរក​ថា​គន្លឹះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯក​សម្រាប់ការ​ផ្លាស់ប្តូរប្រព័ន្ធ​ចំណីអាហារ (ACF)” ក្នុងក្រប​ខណ្ឌ​នៃសន្និសីទ​កំពូល លើកទី៣០ នៃរដ្ឋភាគី នៃអនុ​សញ្ញអង្គការ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជា​ទទួល​ស្គាល់ថា ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុច​កណ្តា​ល​នៃការសម្រេចបាន ទាំង​គោល​ដៅ​អាកាសធាតុ និងការអភិវឌ្ឍប្រកប​ដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើក​ឡើងថា ផែនការរួមចំណែកជាតិ​លើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូល​ការ​ផ្លាស់​ប្តូរប្រព័ន្ធ​ចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់​ការកាត់​បន្ថយ ការសម្របខ្លួន និងកសាងភាព​ធន់​នឹង​អាកាសធាតុ។

កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗ​រួមមាន៖ ការ​លើក​កម្ពស់របបអាហារប្រកបដោយចីរភាព និងមាន​សុខ​ភាព​ល្អ, ការពង្រីកកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ, ការជំរុញការស្តារតំបន់​ការពារទេសភាព និងវិធីសាស្រ្ត​ផ្អែកលើប្រព័ន្ធ​អេកូឡូស៊ី, ការកាត់បន្ថយសំណល់​ចំណី​អាហារ, និងការបញ្ចូលសមភាពយេនឌ័រទៅក្នុង​សកម្ម​ភាព​ទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវ​បាន​​ចង្អុល​បង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធ​ស្បៀង​​សម្រាប់ការ​អភិ​វឌ្ឍប្រកបដោយចីរភាព​នៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រ​ជាតិ​លើកទី ៣ សម្រាប់សន្តិសុខស្បៀង​អាហារ និងអាហារូបត្ថម្ភឆ្នាំ២០២៤-២០២៨។

ក្នុងនាមជាប្រទេសសមាជិកនៃសម្ព័ន្ធACF ប្រទេស​​កម្ពុជា​សូមកោតសរសើរ ចំពោះសម្ព័ន្ធ​ចំពោះជំនួយ ដែលបានផ្តល់ឱ្យយើងក្នុងការបង្កើត​ផ្លូវផ្ទាល់ខ្លួន របស់​យើងឆ្ពោះទៅរកការផ្លាស់ប្តូរ​ប្រព័​ន្ធចំណីអាហារ ចាប់​តាំងពីការ​ចាប់ផ្តើម​របស់​ខ្លួន នៅក្នុងកិច្ចប្រជុំ COP28 ។

ឯកឧត្តមបានថ្លែងបន្តថា តាមរយៈសម្ព័ន្ធភាពនេះ កម្ពុជា​ទទួលបានបទពិសោធន៍រួមគ្នា លើការ​រួម​បញ្ចូលប្រព័ន្ធ​ស្បៀងអាហារ និងគោលនយោ​បាយ​អាកាសធាតុ​នៅ​តាម​ក្រសួង និងស្ថាប័ននា​នា​នៅកម្រិតជាតិ និងថ្នាក់​ក្រោម​ជាតិ ក៏ដូចជាការ​ពង្រីកទំនាក់ទំនង​ជាមួយ​ដៃ​គូអភិវឌ្ឍន៍ រួមទាំងទី​ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និងអ្នកផ្តល់ជំនួយទ្វេភាគី​ជាដើម។ ការដាក់ឱ្យដំណើរការក្របខ័ណ្ឌវឌ្ឍនភាព​របស់​សម្ព័ន្ធ ACF នៅថ្ងៃនេះ ក៏ជាការបង្ហាញការរួមគ្នា​ចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិ​បត្តិការ និងការកៀរគរធនធានបន្ថែមទៀត។

សូមបញ្ជាក់ថាសម្ព័ន្ធ Alliance of Champions for Food System Transformation ,ACF នៅក្នុង​ឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេស​អ៊ីតាលី និងវៀត​ណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះ​បានដំណើរ​ការ​ចាប់​ពី COP28 ឆ្នាំ២០២៣ នៅទី​ក្រុងឌូបៃ ប្រទេសអេមីរ៉ាត​អារ៉ាប់រួម និងមានប្រ​ទេស​សមាជិកចំនួន៥ ​រួច​មកហើយ រួមមាន​ប្រទេស​ប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់​ដា និង​សៀរ៉ាឡេអូន។ ប្រទេសទាំងអស់ បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រ​ព័ន្ធ​ស្បៀង​អាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់​លទ្ធផល​​កាន់​តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner