អេស្ប៉ាញសន្យាផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន តម្លៃជាង ៧០០លានដុល្លារ
ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ ប្រកាសសន្យាផ្តល់ជំនួយយោធាថ្មី មានតម្លៃ ជាង៧០០លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីមានលទ្ធភាពបន្តតតាំងជាមួយរុស្ស៊ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងម៉ាឌ្រីដ លោក Pedro Sanchez បានឲ្យដឹងថា «អេស្ប៉ាញនឹងផ្តល់កញ្ចប់ជំនួយយោធាថ្មី ដល់អ៊ុយក្រែន ដែលមានតម្លៃ ៦១៥ លានអឺរ៉ូ ឬ ៧១០លានដុល្លារ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី»។
ជាការប្រកាស ចំពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅអេស្ប៉ាញ។ លោក Sanchez បាននិយាយថា «ការប្រយុទ្ធរបស់អ្នកគឺជាការប្រយុទ្ធ របស់យើង…ចក្រពត្តិនិយមថ្មី របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ព្យាយាមធ្វើឱ្យគម្រោងរបស់អឺរ៉ុប ចុះខ្សោយ»។
លោកបញ្ជាក់ ថា កញ្ចប់ថវិកានេះ ក៏កំណត់ថវិកា ផ្តល់មូលនិធិដល់ការផលិតប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក, រ៉ាដាឃ្លាំមើល និងឧបករណ៍ឈ្លបយកការណ៍ពីលើអាកាស ដែលភាគច្រើននឹងត្រូវបានផលិតដោយក្រុមហ៊ុនអេស្ប៉ាញ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងត្រូវបានគាំទ្រ តាមរយៈមូលនិធិការពារសកម្មភាពសន្តិសុខថ្មី សម្រាប់អឺរ៉ុប ហៅកាត់ SAFE ។ លើសពីនេះទៀត ថវិកាខ្លះ ត្រូវផ្ទេរទៅឱ្យគំនិតផ្តួចផ្តើម ដឹកនាំដោយណាតូ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារដែនអាកាស។
ការប្រកាសរបស់អេស្ប៉ាញបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Zelensky បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ត្រៀមទិញយន្តហោះចម្បាំងបារាំង Rafale រហូតដល់ទៅ ១០០គ្រឿង និង សម្ភារៈយោធាផ្សេងទៀត រួមទាំង យន្តហោះគ្មានមនុស្សបើក ផងដែរ។ លោក Zelensky គ្រោងនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសតួកគី នៅថ្ងៃពុធនេះ។
យោងតាមសារព័ត៌មាន AFP, តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មនុស្សរាប់ម៉ឺននាក់ ទាំងជនស៊ីវិល និង ទាហានបានបាត់បង់ជីវិត ហើយមនុស្សរាប់លាននាក់ត្រូវបានជម្លៀសចេញ ហើយ តំបន់ដ៏ធំនៃប្រទេសនេះ ត្រូវបានបំផ្លិចបំផ្លាញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
