តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំ
(កែប)៖ ខ្មែរមានតំបន់ឆ្នេរសមុទ្រស្អាតៗជាច្រើន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ចំណុចសក្តានុពលទាំងអស់នេះហើយធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកទេសចរណ៍។ បើតាម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចមួយដ៏រឹងមាំ។ រឹងមាំក៏ព្រោះ លក្ខណៈអំណោយផលពីទីតាំងភូមិសាស្ត្រ ពីធម្មជាតិ និងជាចំណុចទាក់ទាញ់ដ៏មានប្រជាប្រិយភាព។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សង្កត់ធ្ងន់ថា កិច្ចការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ សំខាន់គឺឆ្នេរស្អាត ហើយត្រូវយកចិត្តទុកដាក់លើការបង្កើតចរន្តសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង ដោយបំផុសគំនិតឲ្យមានការឯកភាពគ្នា ផ្ដល់មតិយោបល់ដើម្បីកែលម្អរ។ ឯកឧត្តមថា ឆ្នេរសមុទ្រកម្ពុជា គួរក្លាយជារបៀងសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពពលរដ្ឋ ត គ្រប់ជំនាន់ ដោយបង្កើតការងារធ្វើ ព្រោះពេលវេលានេះ សមស្រប សម្រាប់រៀបចំសមុទ្រឱ្យមានដំណើរការល្អប្រសើរ។
ជាយុទ្ធសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ស្នើឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ គឺត្រូវខិតខំថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាគន្លឹះមិនអាចខ្វះបាន អាជ្ញាធរមូលដ្ឋានស្រុកឃុំ និងមន្ទីរជំនាញត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដោយដាំដើមឈើលំអ រៀបចំប្លង់គោលនៃការប្រើប្រាស់ដី និងរៀបចំកសាងប្រព័ន្ធចែកចាយទឹកស្អាត និងអគ្គិសនី ឱ្យបានគ្រប់គ្រាន់ក្នុងបណ្ដាខេត្ត ជាប់តំបន់ឆ្នេរសមុទ្រ។
ក្នុងសិក្ខាសាលាវិបស្សនា (Retreat Seminar) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបានធ្វើឡើងនៅខេត្តកែប នាថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៥ ក៏បានបំផុសការគិតគូរ ពីកិច្ចការ ជលផល សម្រាប់សរសៃឈាមសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ដោយមានការប្រមូលផលពីធម្មជាតិ ចិញ្ចឹមត្រី និងគ្រឿងសមុទ្រផ្សេងៗ សម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
សូមរំលឹកថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឆន្ទៈ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍នានា រួមមានសហគមន៍កសិកម្មទំនើប មកបង្ហាញដល់អង្គសិក្ខាសាលា និងពិសេសស សហគមន៍ត្រពាំងសង្កែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាអ្នកកសាងផ្លូវចូល បន្ទប់ទឹក ចំណតរថយន្ត ដើម្បីជួយបង្កើនចំនួនអ្នកទេសចរណ៍ និងចំណូលជូនប្រជាពលរដ្ឋ ហើយអាចសន្សំប្រាក់ កាន់តែមានភាពល្អប្រសើរជាលំដាប់៕







អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ